ឯកឧត្តមនេត្រ ភក្រ្តា ៖ វិធានការអនុវត្តច្បាប់ ដើរទន្ទឹមគ្នានឹងការបង្កើតសេដ្ឋកិច្ចមូលដ្ឋានដើម្បីប្រសិទ្ធភាពខ្ពស់ និងជោគជ័យក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ

ខេត្តព្រះវិហារ ៖ «រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើជីវភាពបងប្អូនប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែមានភាពល្អប្រសើរបននថែមទៀត។ តាមរយៈក្រសួងបរិស្ថានដែលកំពុងការពារនិងអភិរក្សតំបន់ការពារធម្មជាតិបានផ្តល់នូវការគាំទ្រ លើការអភិវឌ្ឍជីវភាពរបស់ប្រជាសហគមន៍ដោយជំរុញលើការអភិវឌ្ឍផ្នែកទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការផ្តល់ពូជសត្វ និងរុក្ខជាតិហូបផ្លែដើម្បីបងប្អូនចិញ្ចឹមនិងដាំសម្រាប់សន្តិសុខស្បៀងរបស់សហគមន៍ផងដែរ»។

នេះគឺជាការថ្លែង របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្មីៗមកនេះនៅក្នុង អំឡុងពេលចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការចូលរួមរបស់សហគមន៍តំបន់ការពារធម្មជាតិជាំពេន ក្នុងដែនជម្រកសត្វព្រៃបឹងពែ ភូមិសាស្ត្រឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើងនិងទទួលស្គាល់ដោយក្រសួងបរិស្ថានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ជារបងក្នុងការការពារតំបន់ការពារធម្មជាតិឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើង នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមខែឧសភា ឆ្នាំ២០២២ នេះ ត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា គូសបញ្ជាក់ឱ្យដឹងថាមានចំនួន ១៨២ ដែលមានការចូលរួមពីប្រជាពលរដ្ឋចំនួន ៥៥ ៤៤៦ គ្រួសារ នៅក្នុង ៣៣៥ ភូមិ ក្នុងួ១០៨ ឃុំ ក្នុង ១៦ខេត្ត និងចូលរួមគ្រប់គ្រងអភិរក្សលើផ្ទៃដីព្រៃចំនួន ៣០ ៩៤៦៣ ហិកតា។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាសហគមន៍តំបន់ការពារធម្មជាតិជាំពេន ត្រូវបានបង្កើតឡើងកាលពី ឆ្នាំ ២០០៥ មានផ្ទៃដី ៣៤៤៥ហិកតាដែលជាប្រភេទព្រៃ ស្រោងនិងព្រៃរបោះលាយគ្នា ហើយសមាជិកសហគមន៍ដែលជាជនជាតិដើមភាគតិចគួយបាននិងកំពុងថែរក្សាការពារព្រៃសហគមន៍បានយ៉ាងល្អប្រសើរដោយសហគមន៍បានសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរភូមិឃុំ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារដើម្បីចុះល្បាតជាប្រចាំ។ ជាមួយគ្នានេះ សមាជិកសហគមន៍ក៏បាននិងកំពុងប្រមូលអនុផលព្រៃឈើផ្សេងៗរួមមានការប្រកបរបរដងជ័រច្បោះ ការប្រមូលផលទឹកឃ្មុំ និងអនុផលព្រៃឈើផ្សេងទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងលើកទឹកចិត្តដល់សហគមន៍ និងជំរុញឱ្យសហគមន៍សហការបន្ថែមជាមួយមន្ត្រីជំនាញក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធនានាដើម្បីប្រែក្លាយតំបន់នេះជាកន្លែងទេសចរណ៍ធម្មជាតិ ជាមួយសក្តានុពលដឋេលខ្លួនមានដូចជាប្រពៃណីនៃការរស់ នៅចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច ប្រពៃណីនៃការដងជ័រច្បោះ ការរកឃ្មុំ និងធនធានធម្មជាតិនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនេះ។ ព្រៃសហគមន៍តំបន់ការពារធម្មជាតិជាំពេនដែលត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា ពិពណ៌នាថាត្រូវបាន បងប្អូនសហគមន៍ជនជាតិដើមភាគតិចសហការជាមួយមន្ត្រីឧទ្យានុរក្សការពារនិងអភិរក្សបានយ៉ាងល្អ។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការបានណែនាំសហគមន៍ឱ្យខិតខំចិញ្ចឹម សត្វ ដាំបន្លែបង្ការ និងការសិក្សាពីរបៀបធ្វើបដិសណ្ឋារកិច្ច ភ្ញៀវទេសចរ និងជាពិសេសគឺការរៀបចំរបៀបចម្អិនម្ហូបបែប សហគមន៍មូលដ្ឋានឱ្យមានឱរសជាតិឈ្ងុយឆ្ងាញ់ដើម្បីទាក់ទាញទឹកចិត្តភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងភ្លក្សម្ហូបរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងរៀបចំផ្ទះស្នាក់នៅ ឬកន្លែងបោះតង់ និងបន្ទប់អនាម័យឱ្យបានស្អាត និងមានអនាម័យល្អ។ ទាំងនេះគឺជាគ្រឿងទាក់ទាញទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរឱ្យមកទស្សនាកម្សាន្តនៅទីនេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅក្នុងវិធានការបង្កើនប្រ សិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការអភិវឌ្ឍ និងបង្កើនជីវភាពរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ។ កន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វក្របី គោ ពពែ សត្វចៀម ជ្រូកជាដើម ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញនិងលើកទឹកចិត្តសហគមន៍តំបន់ការពារធម្មជាតិបន្តចូលរួមឱ្យកាន់តែសកម្មខ្លាំងបន្ថែមទៀតជាមួយក្រសួងបរិស្ថានដើម្បីបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការពារអភិរក្សធនធានធម្មជាតិ។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ «អ្វីដែលយើងទាំងអស់គ្នាបានធ្វើលើការបង្កើនជីវភាពប្រជាពលរដ្ឋ កាត់ផ្តាច់ការពឹងអាស្រ័យទាំងស្រុងលើធម្មជាតិគឺជាដំណើរដ៏ត្រឹមត្រូវមួយ ហើយការបង្កើតជម្រើសមុខរបរថ្មី បង្កើនជីវភាពពលរដ្ឋនៅក្និងតំបន់សហគមន៍គឺជាយុទ្ធសាស្ត្រដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់ការអភិរក្សធនធានធម្មជាតិរបស់កម្ពុជា» ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner