សត្វទាព្រៃស្លាបសជាសត្វ រងគ្រោះជិតផុតពូជមួយក្បាលត្រូវបានសង្រ្គោះក្រោយជាប់មង
ភ្នំពេញ៖ នៅដើមឆ្នាំនេះមជ្ឈមណ្ឌលអង្គរសមា្រប់ការអភិរក្សជីវៈចម្រុះ បានជួយសង្គ្រោះសត្វទា ព្រៃស្លាបសមួយក្បាលដែលជាប្រភេទរងគ្រោះជិតផុតពូជ ដែលត្រូវបានគេប្រទះឃើញជាប់មង។ បន្ទាប់ពីជាប់មងច្រើនថ្ងៃទាព្រៃមួយក្បាលនេះបានធ្លាក់ខ្លួនស្គម និងខ្វះទម្ងន់ធៀបនឹងកម្ពស់ និងស្លាបទាំងសងខាងមានស្នាមរងរបួសរលាត់ស្បែកដែលតម្រូវឱ្យមានការព្យាបាលជាចាំបាច់។
មជ្ឈមណ្ឌលអង្គរសមា្រប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងថាខ្លួនពិតជាត្រេកអរនិងអរគុណជាអនេកប្បការដល់មេភូមិដែលបានយល់ដឹងអំពីសារសំខាន់នៃការការពារប្រភេទសត្វនេះហើយបានទាក់ទងទៅអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ហើយអង្គការWCSក៏បានជួយជូនដំណឹងមកកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) អំពីទាព្រៃស្លាបសនេះ។
មជ្ឈមណ្ឌលអង្គរសមា្រប់ការអភិរក្សជីវៈចម្រុះ បានបញ្ជាក់បន្ថែមថា ចំនួនទាព្រៃស្លាបសនៅក្នុង ប្រទេសកម្ពុជាត្រូវបានគេប៉ាន់ប្រមាណថា មានចន្លោះពី ៣០ទៅ១០០ក្បាលតែប៉ុណ្ណោះ។ ដើម្បី ជួយសង្គ្រោះប្រភេទសត្វនេះពីការវិនាសផុតពូជនៅក្នុងប្រទេសកម្ពុជា ត្រូវតែមានបេសកកម្មជួយ សង្គ្រោះបែបនេះ ដែលជាបេសកកម្មដ៏មានសារៈសំខាន់ខ្លាំងណាស់ និងតម្រូវឱ្យមានកិច្ចខិតខំប្រឹង ប្រែងបន្ថែមទៀតពីក្រុមការងារ។ ទាព្រៃស្លាបសនេះក៏បានជាសះស្បើយទាំងស្រុងពីរបួសស្នាម ហើយពួកយើងកំពុងរៀបចំផែនការលែងវាឱ្យត្រឡប់ចូលទៅរស់នៅក្នុងជម្រកធម្មជាតិវិញ។
ជាមួយគ្នាមជ្ឈមណ្ឌលអង្គរសមា្រប់ការអភិរក្សជីវៈចម្រុះ ក៏បានលើកឡើងដែរ”ពួកយើងសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រសួងបរិស្ថាននិងរដ្ឋបាលព្រៃឈើដែលបានបន្តការគាំទ្រនិងកិច្ចសហការគ្នា”៕ដោយ៖ម៉ាដេប៉ូ