ខេត្តកែបប្រជុំពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខ

កែប ៖ នៅរសៀលថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តកែប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តកែប។

ដើម្បីបញ្ចៀសបាននូវភាពអសកម្ម ឬសកម្មភាពណាមួយដែលអាចបង្កឱ្យមានបទល្មើសឬទំនាស់ និងឧបសគ្គផ្សេងៗ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

១-លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងទាំងអស់ ត្រូវអនុវត្តនូវរាល់តួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមផែនការដែលបានដាក់ចេញ ទាំងនៅក្នុង ការឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ពិសេសត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខ ដល់គ្រប់គណបក្សនយោបាយ ។

២-កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងការការពារសន្តិសុខ ឱ្យបានហ្មត់ចត់បំផុត និងត្រូវចាត់វិធានការតាមច្បាប់ឱ្យបានតឹងរុឹង។

៣-ស្នងការ មេបញ្ជាការ និងអាជ្ញាធរដែនដីក្រុង ស្រុក ត្រូវយកចិត្តទុកដាក់តាមដានសភាពការណ៍ និងការប្រែប្រួលឱ្យបាន ទាន់ពេលវេលា។

៤-ត្រូវបង្កើនការក្តាប់សភាពការណ៍ ប្រមូលព័ត៌មានពាក់ព័ន្ធសន្តិសុខ និងសណ្តាប់ធ្នាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត ឱ្យបានជាមុន។

៥-ក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍សកម្មភាពប្រមូលផ្តុំទាមទារតវ៉ាលើបញ្ហាផ្សេងៗ ដើម្បីមានវិធានការដោះស្រាយដោយសន្តិវិធី ឱ្យបានសមស្រប និងមានប្រសិទ្ធភាព។

៦-នៅក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ជនខិលខូចមួយចំនួននឹងឆ្លៀតឱកាសយកបញ្ហាផ្សេងៗ ផ្សារភ្ជាប់ទៅនឹងរឿង នយោបាយ ដូច្នេះកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារឱ្យបាននូវសុវត្ថិភាព ចំពោះបេក្ខជនឈរឈ្មោះ បោះឆ្នោត សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងពេលឃោសនា ជាពិសេសត្រូវមានការអត់ធ្មត់ឱ្យបានជាអតិបរមា៕ ដោយ ៖ អ៊ួង វ៉ឹង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner