ឯ.ឧឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសួនរុក្ខជាតិអង្គរ នៅខេត្តសៀមរាប

សួនរុក្ខជាតិអង្គរដែលជាសមិទ្ធិផលថ្មី១ទៀតក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានអង្គរក្នុងគោលដៅពង្រីកបន្ថែមទេសភាពបៃតងសំរាប់ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាបនោះត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯ.ឧ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអោយដឹងថាដើម្បីបង្កើនកិច្ចអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរផង នាឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមនិងឧបត្ថម្ភគាំទ្រពីឯ.ឧឧបនាយករដ្ឋមន្រ្តីជាសុផារ៉ានោះ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមរៀបចំកែលំអរនិងពង្រីកផ្ទៃដីសួនរុក្ខជាតិអង្គរ ក្រោមទំហំផ្ទៃដីប្រមាណជិត១៥ហិកតា អោយសំរេចបានជោគជ័យជាផ្លូវការនៅដើមឆ្នាំ២០២២នេះដោយមានរៀបចំ ជាសួនសំខាន់ៗជាច្រើនក្នុងនោះអាជ្ញាធរជាតិអប្សរា បានដាំកូនឈើ និងប្រភេទរុក្ខជាតិផ្សេងៗ រាប់ម៉ឺនដើម ដែលមានប្រភេទរុក្ខជាតិសរុបជាង ៥០០ប្រភេទផ្សេងៗគ្នា។

នៅទីនោះក៏មានសួនសត្វ និងសួនរុក្ខជាតិសំខាន់ៗ ចំនួន៥សួន ដែលត្រូវបានបង្កើតឡើងក្នុងរចនាបទបែបខ្មែរ រួមមាន៖ សួនឱសថនិងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងសត្វព្រៃអង្គរជាដើមដោយសួនទាំងនោះ មានភាពទាក់ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើនិងរុក្ខជាតិកម្រៗជាច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយ បានស្គាល់និងរួមចំណែកក្នុងការងារសិក្សាស្រាវជ្រាវ។

ក្នុងឱកាសនោះ ឯ.ឧឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាការសម្ពោធជាផ្លូវការនូវសួនរុក្ខជាតិអង្គរនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជាផ្លូវការដល់សាធារណជនជាតិនិងអន្តរជាតិអោយបានដឹងនិងចូលទស្សនាកំសាន្តនាពេលអនាគតនូវសមិទ្ធិផលទេសចរណ៍ថ្មី១ដែលពោរពេញទៅដោយគុណប្រយោជន៍ផ្នែកសង្គមនិងសេដ្ឋកិច្ចក៏ដូចជាចូលរួមលើកកំពស់ការយល់ដឹងបន្ថែមដល់ប្រជាជនកម្ពុជានូវប្រភេទរុក្ខជាតិដ៏សំបូរបែបទាំងនៅក្នុងស្រុកនិងនាំយកមកពីបរទេស រួមនិងផលិតផលទេសចរណ៍បន្ទាប់បន្សំមួយចំនួនទៀតក្នុងសួនសំដៅបង្កើនស្មារតីស្រលាញ់ចូលរួមថែរក្សាការពារនិងអភិរក្សមរតកជាតិ។

ឯ.ឧឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការគាំទ្រនិងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណា និង ឯ.ឧហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាព្រមទាំងសហការី និងអាជ្ញាធរខេត្តសៀមរាបដែលបានរៀបចំបង្កើតជាសួនរុក្ខជាតិអង្គរដែលមានទំហំផ្ទៃដីយ៉ាងធំទូលាយរហូតដល់ជិត១៥ហិកតានេះ។ឯ.ឧឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាបានចាត់ទុកសួនរុក្ខជាតិអង្គរនេះថាមានតួនាទីដ៏សំខាន់ក្នុងការថែរក្សាការពារនិងអភិរក្សរុក្ខជាតិជាច្រើនប្រភេទដែលបានដុះនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលរុក្ខជាតិទាំងនេះមិនត្រឹមតែផ្តល់នូវជំរកមនុស្សសត្វក៏ដូចជាផ្តល់ផ្លែផ្កានិងក្លិនប៉ុណ្ណោះទេតែថែមទាំងបានផ្តល់ជាឱសថព្យាបាលជំងឺដ៏សក្តិសិទ្ធជូនដល់ប្រជាពលរដ្ឋតាមទំនៀមទំលាប់របស់បុព្វបុរសខ្មែរគ្រប់ជំនាន់តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននិងតទៅអនាគត។

ការដាំដុះរុក្ខជាតិរហូតដល់៥០០ប្រភេទនៅក្នុងសួនរុក្ខជាតិអង្គរនេះចាត់ទុកថាជាជំហានដំបូងដែលយើងបានអភិវឌ្ឍនិងអភិរក្សតាមលំអានដើម្បីអោយកូនខ្មែរគ្រប់រូបគ្រប់ជំនាន់ត្រូវចងចាំនិងថែរក្សាបន្តទៅមុខទៀត ក្រៅពីនេះក៏បានចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនិងរួមចំណែកធ្វើអោយបរិស្ថានក្នុងតំបន់អង្គរនេះកាន់តែមានភាពបៃតងស្រស់បំព្រង ខ្យល់អាកាសត្រជាក់បរិសុទ្ធនិងកាន់តែអាចទាក់ទាញបាននូវភ្ញៀវទេសចរណ៍អោយចូលមកទស្សនាកំសាន្តកាន់តែច្រើនផងដែរ។

គួរបញ្ជាក់ថាសួនរុក្ខជាតិអង្គរនឹងបើកអោយសាធារណជនចូលទស្សនាដោយឥតគិតថ្លៃក្នុងរយះពេល១ខែរឺ១ខែកន្លះដំបូងគិតចាប់ពីថ្ងៃបើកសម្ពោធជាផ្លូវការនេះតទៅ។ បន្ទាប់ពីនេះសួនរុក្ខជាតិអង្គរនឹងដើរតួនាទី១ផ្នែកក្នុងការរកចំណូលបន្ថែមជូនជាតិតាមរយះការលក់សំបុត្រចូលទស្សនាក្នុងតំលៃ១ដែលកំពុងស្ថិតក្នុងការសិក្សានិងពិភាក្សាដោយឈរលើស្មារតីធ្វើយ៉ាងណាអោយសួននេះក្លាយទៅជាទីកន្លែងកំសាន្តលំហែរអារម្មណ៍ជូនប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិបន្ថែមលើសមិទ្ធិផលនានាក្នុងគំរោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner