ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសួនរុក្ខជាតិអង្គរខេត្តសៀមរាប

សៀមរាប៖ សួនរុក្ខជាតិអង្គរ ស្ថិតនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ក្រោយពីបានរៀបចំកែលម្អដោយមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង ៥០០ប្រភេទ រួចមក សួននេះត្រូវបានកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអង្គភាព មន្ទីរស្ថាប័នពាក់ព័ន្ឋ មន្ត្រីនិងបុគ្គលិកអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណជា១ពាន់នាក់ បានចូលរួមផងដែរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៏ថា សួនរុក្ខជាតិអង្គរនេះ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៥ ក្រោមឈ្មោះថា សួនគ្រឿងទេស ក្នុងទំហំសរុបដីជាង២ ហិចតា។ តែនៅឆ្នាំ២០១០ សូននេះត្រូវបានរៀបចំកែលម្អ ដោយមានបន្ថែមនូវប្រព័ន្ធទឹក តាមរយៈការរៀបចំស្ថានីយយកទឹកពីស្ទឹង ជៀសវាងការយកទឹកក្រោមដី មកស្រោចស្រព។

ដោយសង្កេតឃើញថា សួនគ្រឿងទេសវាមានទំហំតូច មិនមានភាពទាក់ទាញចំពោះភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ និងដោយមានគោលបំណងកែប្រែតំបន់ទីតាំងជិតៗនោះដែលមានសំណង់ មិនរៀបរយមួយចំនួន ដែលត្រូវបានដោះស្រាយគោលនយោបាយរួច ឱ្យក្លាយជាឧទ្យានដ៏ធំតែមួយគត់នៅក្នុងខេត្តសៀមរាប ស្របតាមគំនិតផ្តួចផ្ដើម និងការឧបត្ថម្ភគាំទ្ររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា នៅក្នុងឆ្នាំ២០១៨ បានសម្រេចចាប់ផ្តើមរៀបចំកែលម្អ និងពង្រីកផ្ទៃដីសួនគ្រឿងទេសបន្ថែម ដែលមកទល់ពេលបច្ចុប្បន្ន បានកើនរហូតជិត១៥ហិកតាហើយ ឱ្យទៅជា “សួនរុក្ខជាតិអង្គរ’’ គឺត្រូវបានអនុវត្តរួចរាល់ជាស្ថាពរនៅដើមឆ្នាំ២០២២នេះ ។

ជាមួយគ្នានោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏លើកឡើងថា សួននេះ មានលក្ខណៈពិសេសណាស់ក្នុងការអភិរក្សរុក្ខជាតិសំខាន់ៗរបស់ខ្មែរ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផងនោះ។

សួនរុក្ខជាតិអង្គរនេះក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ វាក៏មានប្រយោជន៍សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ ដោយបានផ្ដល់ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែនOxygen សម្រាប់ប្រព័ន្ធដកដង្ហើមផងដែរ។ ឯកឧត្តម មានប្រសាសន៍បន្តថា ការផ្តួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរនេះឡើង គឺដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនឹងចាត់ទុកជាការលើកស្ទួយដល់វិស័យបរិស្ថានផង នឹងលើកស្ទួយដល់សុខុមាលភាពសាធារណៈនិងភ្ញៀវទេសចរណ៍ផង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈអាជ្ញាធរជាតិអប្សរា គួរធ្វើការកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំឱ្យក្រសួងកសិកម្មជួយផ្ដល់ពូជឈើ និងរុក្ខជាតិព្រមទាំងអ្នកបច្ចេកទេសផង ក្នុងគោលបំណងធ្វើការពង្រីកនិងអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរនេះ ឱ្យកាន់តែមានទំហំធំព្រមទាំងសំបូរបែបទៅដោយរុក្ខជាតិបន្ថែមទៀត នឹងសុំឱ្យយើងទាំងអស់គ្នាបន្តរួមគ្នាថែរក្សានូវសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង និងគាំទ្រនូវគោលនយោបាយនៃការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំនិងនាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដ៍រឹងមាំជូនជាតិមាតុភូមិ មកដល់បច្ចុប្បន្ននិងតទៅអនាគត៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner