សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃទី២០ ឧសភា ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូប មិនអាចបំភ្លេចបានក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃទី២០ឧសភានេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីកុំអោយរបបនេះ វិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

សូមបញ្ជាក់ថា ២០ ឧសភា ត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលក្នុងថ្ងៃបុណ្យជាតិជាផ្លូវការ ក្រោមឈ្មោះថា «ទិវាជាតិនៃការចងចាំ» តាមអនុក្រឹត្យចុះផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកទៅ។ ទិវាជាតិនៃការចងចាំ ក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ជួបជុំគ្នានៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯង ដើម្បីរួមគ្នាប្រារព្ធពិធីរំលឹកដល់អំពើឃោរឃៅរបស់ខ្មែរក្រហម នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីពិធីនេះ បានអាក់ខានរៀបចំអស់រយៈពេល ២ឆ្នាំ គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការ រីករាតត្បាតជំងឺឆ្លងកូវីដ-១៩ ។

ពិធីនេះ ក៏ធ្វើឡើងមិនខុសពីបណ្តាឆ្នាំកន្លងទៅនោះទេ ដែលការប្រារព្ធទិវានៃការចងចាំនេះ ក៏មានការសម្តែងនូវឈុតឆាកមួយចំនួនបង្ហាញពីទង្វើដ៏សែនព្រៃផ្សៃរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយនៅចុងក្រោយនៃកម្មវិធី មានពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបពិឃាតឃោរឃៅនេះ ផងដែរ ៕
ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner