អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាប់ខ្លួនអ្នកពាក់ព័ន្ធ និងករណីរំលោភយកដីអតីតយុទ្ធជនបញ្ជូនទៅតុលាការ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បានធ្វើការព្រមានចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់លើការរំលោភបំពានយកដីអតីតយុទ្ធជនបញ្ជូនទៅតុលាការ ហើយដកហូតយកដីទាំងនោះមកជូនអតីតយុទ្ធជនវិញ ដើម្បីឱ្យពួកគាត់មានឱកាសក្នុងការដាំដុះប្រកបរបរកសិកម្មផ្គត់ផ្គង់ជីវភាពគ្រួសារ។ ការព្រមានដូច្នេះធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសចុះជួបសំណេះសំណាល និងផ្តល់អំណោយដល់អតីតយុទ្ធជននិងនិវត្តន៍ជនប្រមាណ ១៧០គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង ថ្លែងគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យមាតុភូមិកម្ពុជាទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស តាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ប្រកបដោយប្រសិទ្ធិភាព។ក្នុងចក្ខុវិស័យដ៏ភ្លឺស្វាងរបស់សម្តេចតេជោ ការងារលើកកម្ពស់សមធម៌ និងបរិយាប័ន្ន ត្រូវបានផ្សព្វផ្សាយចាត់តាំងអនុវត្ត ជនងាយរងគ្រោះមានឱកាសទទួលបានការគាំទ្រលើកទឹកចិត្តស្មើភាពក្នុងសង្គម។ ជាមួយនោះវិស័យអតីតយុទ្ធជនត្រូវបានចាត់ជាអាទិភាពទី១ ហើយផ្តួចផ្តើមបង្កើតចេញជាសមាគមអតីតយុទ្ធជនកម្ពុជា។សមាគមនេះបង្កើតឡើងដើម្បីលើកស្ទួយជីវភាពរស់នៅ ស្វែងយល់សុខទុក្ខអតីតយុទ្ធជនកម្ពុជាគ្រប់រូប មិនតែប៉ុណ្ណោះក្រោមការដឹកនាំរបស់សម្តេចតេជោក៏បានទំនុកបំរុងនូវសំភារៈ ថវិកា ដីធ្លី សេវារបបសន្តិសុខសង្គម(ប.ស.ស) ផ្តល់អាទិភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការតម្លើងប្រាក់បៀវត្សនិងគោលនយោបាយទំនុកបំរុងជាច្រើនផ្សេងទៀតដែលជាការលើកកម្ពស់តួនាទីអតីតយុទ្ធជនឱ្យសក្តិសមនិងគុណបំណាច់ចំពោះបុព្វហេតុជាតិ មាតុភូមិ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានធ្វើការសម្បទានដីទៅដល់បងប្អូនយុទ្ធជនដែលបានបញ្ចប់បេសកកម្មក្នុងបុព្វហេតុជាតិមាតុភូមិ ដើម្បីឱ្យពួកគាត់បន្តសាងជីវភាពគ្រួសារទៅអនាគត។ ហើយចំពោះដីសម្បទានទាំងអស់នេះ ក៏មានដីមួយចំនួនរបស់ពួកគាត់ត្រូវបានជនឱកាសនិយមមួយចំនួនបានរំលោភកាន់កាប់ ធ្វើកម្មសិទ្ធិដោយខុសច្បាប់ ហើយជាក់ស្តែងអតីតយុទ្ធជនចំនួន១២គ្រួសារបានបាត់បង់ដីសម្បទាននោះស្មើនិង ១២ហិកតា។ តែទន្ទឹមនិងការរំលោភកាន់កាប់នេះលោកនិងមិនលើកលែងឱ្យទេចំពោះបុគ្គលទាំងឡាយដែលរកឃើញថាមានការជាប់ពាក់ពន្ធ័ ការកាន់កាប់លើដីអតីតយុទ្ធជនដោយខុសច្បាប់ ត្រូវតែចាប់ខ្លួនបញ្ជូនទៅតុលាការហើយយកដីនោះប្រគល់មកពួកគាត់វិញ។ អាជ្ញាធរដែនដីនិងមន្ត្រីជំនាញត្រូវពន្លឿននូវការដោះស្រាយនិងធ្វើបណ្ណ័កម្មសិទ្ធិដីធ្លីជូនពួកគាត់ឱ្យបានឆាប់រហ័ស ដើម្បីជៀសផុតពីទន្ទ្រានកាន់កាប់ពីជនអនាធិបតេយ្យនិងជនទុច្ចរិត ៕ ម៉ុន សំអាត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner