ឯកឧត្តម ឆាយ ថន ៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងស្នូលក្នុងការស្វែងរកសំឡេងឆ្នោតជូនគណបក្ស
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានមានប្រសាសន៍បញ្ជាក់ថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងស្នូលក្នុងការស្វែងរកសំឡេងឆ្នោតជូនគណបក្ស។ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យមន្រ្តីគណបក្សខិតខំបំពេញភារកិច្ចឱ្យបានម៉ឺងម៉ាត់ និងគោរពតាមបទបញ្ញត្តិនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការបញ្ជាក់នេះ ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី២១ខែឧសភា ឆ្នាំ២០២២នេះ។


យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការបក្សខេត្ត បានអញ្ជើញបើកយុទ្ធនាការឃោសនានៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា នៅទូទាំងប្រទេស ក៏ដូចជាខេត្តកំពង់ស្ពឺ គ្រប់គណបក្សនយោបាយសស្រោកសស្រាំឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ដែលនេះជាដំណើរការប្រជាធិបតេយ្យ ដែលតែងតែរៀបចំជាប្រចាំនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ

