អ្នកបើករថយន្តក្រឡុកស៊ីម៉ងត៍ បើកទាក់ខ្លោងទ្វារវត្តត្រពាំងឈូក ឱ្យដួលរលំ ហើយត្រូវមេការ បញ្ជារឱ្យបើកបំបុក និងដេញវាយសមត្ថកិច្ច
ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានបើកទាក់ខ្លោងទ្វារ វត្តត្រពាំងឈូក បណ្តាលឱ្យដួលរលំរងការខូចខាត កាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចវត្តត្រពាំងឈូក ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយនៅពេលសមត្ថកិច្ចចុះទៅអន្តរាគមន៍ បែរជាមេការ បញ្ជាឱ្យបើកបំបុក នឹងដេញរកវាយសមត្ថកិច្ចទៀតផង ធ្វើឲ្យសមត្ថកិច្ច ឃាត់ខ្លួន យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខភ្នំពេញ5A-2216 ធ្វើដំណើរឆ្លងកាត់ពីក្នុងវត្តមកស្រាប់តែទាក់នឹងខ្លោងទ្វារវត្ត បណ្តាលឱ្យដួលរលំរងការខូចខាត។ភ្លាមៗនោះ សមត្ថកិច្ចក៏បានចុះមកដល់ចំណុចកេីតហេតុ ដេីម្បីឱ្យភាគីរថយន្តបង្ក សម្របសម្រួលជាមួយព្រះសង្ឃ។ ប៉ុន្តែមេការក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ខាងលើ មិនបានសម្របសម្រួលជាមួយព្រះសង្ឃនោះទេ បែរជាឱ្យតៃកុងរថយន្ត បើកចេញពីកន្លែងកើតហេតុ ហើយភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់រថយន្ត តែត្រូវបានតៃកុងរថយន្តបើកបំបុកសមត្ថកិច្ចម្នាក់ តែមិនរងរបួសនោះទេ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។
បន្ទាប់មក មេការក្រុមហ៊ុនរថយន្តបង្កហេតុនោះ បានមកដល់ចំណុចកើតហេតុ ថែមទាំងរកវាយសមត្ថកិច្ចទៀតផង ទើបសមត្ថកិច្ចឃាត់ខ្លួន យកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ប៊ុនធី



