ថៅកែក្លឹបកម្សាន្ត ដឹ ស្តម ដកកាំភ្លើងគំរាមចុងភៅត្រូវជាកូនចៅ និងផ្ទុះអាវុធ១គ្រាប់ផ្អើលដល់សមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា

ភ្នំពេញ ៖ បុរសម្នាក់ត្រូវជាថៅកែក្លឹបកម្សាន្ត ដឹ ស្តម បានខឹងចុងភៅត្រូវជាកូនចៅ រឿងរាវបន្តិចបន្ទួចក៏ដកកាំភ្លើងគំរាមផ្ទុះអាវុធ១គ្រាប់ រួចបើករថយន្តចេញពីក្លឹបបាត់ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ទាំងសមត្ថកិច្ចមូលដ្ឋាននិងអាវុធហត្ថកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្លឹបកម្សាន្ត ដឹ ស្តម ជាប់ផ្លូវលេខ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនបង្កដែលជាថៅកែក្លឹបខាងលើមានឈ្មោះ ផល អាយុជាង៤០ឆ្នាំ ។ រីឯបុរសរងគ្រោះមានឈ្មោះ ឈូក សុភាព ៤៨ឆ្នាំ មុខរបបចុងភៅក្នុងក្លឹប ដឹ ស្តម ។
បើតាមសម្ដីបុរស និងស្ត្រីរងគ្រោះ ត្រូវជាចុងភៅនៅក្នុងក្លឹបកម្សាន្តខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ ជនបង្កត្រូវជាថៅកែខ្លួនបានចូលមករករឿងមិនសួរហេតុផល ដោយចោទជនរងគ្រោះថា បានទៅវាយរទះគោដុតឲ្យខ្ទេច រួចចង់វាយជនរងគ្រោះថែមទៀត និងបោះពាក្យសម្ដីថា (ហែងតិចទៀតដឹងខ្លួនហើយ..!)។ មួយសន្ទុះក្រោយ ថៅកែបង្កហេតុខាងលើក៏បានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកកន្លែងចុងភៅ រួចអាម៉េភ្ជុងចុងភៅគំរាម រួចបាញ់ឡើងលើចំនួន១គ្រាប់ក៏ដើរចេញពីក្លឹប បើករថយន្តគេចខ្លួនបាត់ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកចូលរាំលេងកម្សាន្ត ទាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុ ។

បន្ទាប់មកជនរងគ្រោះក៏ផ្អាកធ្វើម្ហូបដើរចេញមកក្រៅបកស្រាយប្រាប់រឿងហេតុដល់អ្នកសារព័ត៌មានរួចរាល់ ក៏នាំគ្នាទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីដាក់ពាក្យបណ្ដឹងទៅលើថៅកែរបស់ខ្លួន ឲ្យកម្លាំងជំនាញជួយរកយុត្តិធម៌ និងចាត់ការតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner