កម្ពុជាដណ្តើមបានមេដាយមាស៣គ្រឿង ពីការប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិ លើកដំបូង នៅខេត្តព្រះសីហនុ

ព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិ ឆ្នាំ២០២២ ដែលកម្ពុជាជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ដោយជោគជ័យ ក្នុងនោះអត្តពលិកកីឡាម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយមាស៣គ្រឿង ក្នុងចំណោមអត្តពលិកជាង៦០នាក់ មកពី៤ប្រទេស ។

តាមរបាយការណ៍ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានអោយដឹងថា ព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិនេះ មានកីឡាករល្បីៗកម្រិតអន្តរជាតិ និងពិភពលោកចូលរួមប្រកួត ខណៈកម្ពុជាបានដាក់៧វិញ្ញាសាអោយប្រកួតប្រជែង ជាមួយនិងប្រាក់រង្វាន់សរុប៣ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ ជាលទ្ធផលកម្ពុជាឈរលេខ២ ដណ្តើមមេដាយសរុប ៨គ្រឿង មាស៣ ប្រាក់២ និងសំរិទ្ធ២គ្រឿង លេខ១ប្រទេសថៃ ដណ្តើមបានមេដាយសរុប ១២គ្រឿង មាស៤ ប្រាក់៤ និងសំរិទ្ធ៥គ្រឿង និងម៉ាឡេស៊ី លេខ៣ ដណ្តើមបានមេដាយប្រាក់មួយគ្រឿង ។ ឯកឧត្តមប្រធានសហព័ន្ធ បន្តទៀតថា ព្រឹត្តការណ៍ប្រកួតកម្រិតអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ គឺ៖

១. វាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា
២. វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធ ត្រៀមធ្វើជា ម្ចាស់ផ្ទះនៅកម្ពុជា ឆ្នាំ២០២៣
៣. ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ជាពិសេសបង្ហាញពីការ ចាប់ផ្តើមស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយស្ថានភាពវិបត្តិជម្ងឺកូវីដ-១៩។

ឯកឧត្តម សុខ គាង រដ្ឋលេខាធិការតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានប្រឹងប្រែង ប្រើប្រាស់ចំណេះដឹងបទពិសោធន៍ សមត្ថភាពកាត់សេចក្តីការប្រកួត ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសប្រកបដោយវិជ្ជាជីវៈ ផ្តល់យុត្តិធម៌ និងតម្លាភាពដល់កីឡាករ នឹងបានរកឃើញនូវកីឡាករឆ្នើមដែលទទួលបានជ័យលាភី នៃការប្រកួតម៉ូតូទឹកនាពេលនេះ។

ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមនឹងជឿជាក់ថា តាមរយៈការប្រកួតនេះ នឹងធ្វើអត្តពលិកកម្ពុជា និងមន្រ្តីរៀបចំការប្រកួត កាន់តែរីកចំរើន ទាំងសមត្ថភាព សិទ្ធផលត្រៀមដណ្តើមមេដាយមាសជូនកម្ពុជា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំបូង អោយទទួលបានជោគជ័យ ។

ឯកឧត្តម សុខ គាង បញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកីឡា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នាពេលខាងមុខនេះ។

តាមរយៈចក្ខុវិស័យ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងធ្វើកំណែទម្រង់គ្រប់ទិដ្ឋភាព ទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផែនការមេឆ្ពោះទៅឆ្នាំ២០២៣ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន និងការប្រកួត ការបណ្តុះបណ្តាលធនធានមនុស្សទាំងបរិមាណនិងគុណភាព និងការរៀបចំការប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយស្តង់ដារ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner