លោក ណយ ផាណា បានថ្លែងថា ចៅក្រមកម្ពុជាជាកក្តារួមផ្សំជួយឲ្យអត្តពលិកកាយសម្ព័ន្ធយល់ច្បាស់ពីច្បាប់ និងលក្ខន្តិកៈឈានទៅឈ្នះមេដាយ នៅស៊ីហ្គេម
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលជាប្រធានប្រតិភូដឹកនាំអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បានចាត់ទុកចៅក្រមជាកក្តារួមផ្សំជួយជម្រុញឲ្យអត្តពលិក យល់ច្បាស់ពីច្បាប់ និងលក្ខន្តិកៈ ឈានប្រជែងដណ្តើមបានមេដាយជូនកម្ពុជា។
អគ្គលេខាធិការរូបនេះ បានគូបញ្ជាក់ថា មេដាយដែលយើងទទួលបានពីស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនេះ គឺជាយុទ្ធសាស្រ្តច្បាស់លាស់ ដែលសហព័ន្ធបានដាក់ចេញ ប៉ុន្តែជោគជ័យទាំងអស់នេះ ក៏វាមានការរួមផ្សំពីសមត្ថភាពចៅក្រមកម្ពុជាយើង ព្រោះចៅក្រមជាអ្នកប្រាប់ពីលក្ខន្តិកៈច្បាប់អន្តរជាតិពន្យល់ទៅកាន់កីឡាករ ដើម្បីធ្វើកែតម្រូវ ។
អគ្គលេខាធិការខាងលើ បានបន្ថែមទៀត សម្រាប់ផែនការបន្ទាប់ សហព័ន្ធ និងពង្រឹងបទៅលើបច្ចេកទេស និងការអភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការិនី ដើម្បីឈានទៅសម្រេចឲ្យបានតាមផែនការដាក់ចេញ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឈ្នះមេដាមាសមួយគ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ជាមួយនឹងផែនការដ៏មុតស្រួចនេះ សហព័ន្ធ និងបង្កើនការហ្វឹកហាត់នៅក្រៅប្រទេស។
សូមបញ្ជាក់ថាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ប្រភេទកីឡាកាយសម្ព័ន្ធ របស់កម្ពុជា គឺដណ្តើមបានមេដាយជូនកម្ពុជាចំនួនមេដាយ៤គ្រឿង ប្រាក់៣ និងសំរិទ្ធ១គ្រឿង ។ ក្នុងនោះលើវិញ្ញាសា IM ឯកត្តជន បុរសកីឡាករ ជឿន ចាន់បូរី ឈ្នះមេដាយសំរិទ្ធ ,វិញ្ញាសាគូរ MP កីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ ឈ្នះមេដាយប្រាក់១គ្រឿង. វិញ្ញាសាទ្រីយ៉ូ (TRIO) កីឡាករ ហាស់ សុខហ៊ , កីឡាករ ត្រន ប៊ុនធឿន , កីឡាការិនី ម៉ូ ស្រីពៅ ឈ្នះមេដាយប្រាក់1គ្រឿង , វិញ្ញសាជាក្រុម កីឡាករ ហាស់ សុខហ៊ , កីឡាករ ត្រន ប៊ុនធឿន ,កីឡាករ ជឿន ចាន់បូរី ,កីឡាករ ង៉ែត តុលា និងកីឡាការិនី ម៉ូ ស្រីពៅ ឈ្នះ មេដាយប្រាក់១គ្រឿង៕ អត្ថបទ៖ ជាវ ចន្ធូ









