អេហ្វប៊ីអាយ៖ ឧប្បត្តិហេតុបាញ់ប្រហារសកម្មនៅសហរដ្ឋអាមេរិកកើនឡើងជាង ៥០ភាគរយក្នុងឆ្នាំ ២០២១
វ៉ាស៊ីនតោន៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ចំនួនឧប្បត្តិហេតុបាញ់ប្រហារសកម្មនៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ បានកើនឡើងច្រើន ជាង៥០ភាគរយ បើធៀបនឹងឆ្នាំមុន។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ FBI បានកំណត់ ការបាញ់ប្រហារចំនួន ៦១ ជាឧប្បត្តិហេតុបាញ់ប្រហារសកម្មនៅក្នុងប្រទេសកាលពីឆ្នាំមុន។ ក្នុងឧប្បត្តិហេតុទាំងនេះ មនុស្ស១០៣នាក់បានស្លាប់ និង១៤០នាក់រងរបួស ដោយមិនរាប់ បញ្ចូលអ្នកបាញ់ប្រហារនោះទេ។
របាយការណ៍ដែលមានចំណងជើងថា “ឧប្បត្តិហេតុបាញ់ប្រហារសកម្មនៅសហរដ្ឋ អាមេរិក ក្នុង ឆ្នាំ២០២១បង្ហាញថា ៥២.៥ភាគរយនៃឧប្បត្តិហេតុបាញ់ប្រហារសកម្មត្រូវបានសម្គាល់ នៅ ឆ្នាំ២០២១ តំណាងឱ្យការកើនឡើង ៥២.៥ភាគរយពីឆ្នាំ២០២០ និងការកើនឡើង ៩៦.៨ ភាគរយ ពីឆ្នាំ២០១៧។
ទិន្នន័យឧប្បត្តិហេតុអ្នកបាញ់ប្រហារសកម្មបង្ហាញពីនិន្នាការកើនឡើងសម្រាប់រយៈពេលចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ ចំនួនអ្នកស្លាប់ និងរបួសក្នុងឆ្នាំ២០២១ តំណាងឱ្យចំនួនអ្នកស្លាប់សរុប ខ្ពស់បំផុតទីបីក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ឧប្បត្តិហេតុ ៦១ ក្នុងឆ្នាំ២០២១ ត្រូវបានអនុវត្ត ដោយខ្មាន់កាំភ្លើងចំនួន ៦១នាក់។
របាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងចំនួន ៦០នាក់ជាបុរស និងម្នាក់ជាស្ត្រី។ FBI ក៏បាន កំណត់អ្នកបាញ់ប្រហារសកម្មផងដែរថា ជាបុគ្គលម្នាក់ ឬច្រើននាក់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសម្លាប់ ឬប៉ុនប៉ងសម្លាប់មនុស្សនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


