សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញទស្សនៈ ក្នុងកម្មវិធីពិភាក្សា ក្រោមប្រធានបទ យុទ្ធសាស្រ្ត ស្តីពីអាស៊ាន ក្នុងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា
ស្វីស៖ ក្នុងកម្មវិធីពិភាក្សា ក្រោមប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២» វេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅទីក្រុងដាវ៉ូស-ក្លូស្ទើរ ប្រទេសស្វីស នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដោយមានវាគ្មិនសំខាន់ៗ៥រូប រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន និងវាគ្មិនជាអ្នកជំនាញសេដ្ឋកិច្ច៤រូបផ្សេងទៀត មកពីសឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងអឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានគូសបញ្ជាក់ថា អាស៊ាន មានគោលការណ៍ច្បាស់ គឺមិនត្រូវការជ្រើសរើសមហាអំណាចណាមួយនោះឡើយ។
សូមជម្រាបថា នៅក្នុងកិច្ចពិភាក្សានេះ បានផ្តោតជាសំខាន់ពីភាពប្រឈមរបស់អាស៊ាន ចំពោះមុខវិបត្តិនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេសរវាងចិន និងអាមេរិក, បញ្ហាជម្លោះដែនសមុទ្រ, វិបត្តិស្បៀងអាហារ, សន្តិសុខថាមពល, បម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនផងដែរ។ វាគ្មិនសេដ្ឋកិច្ចនីមួយៗ បានលើកបង្ហាញពីបញ្ហាប្រឈម និងផលលំបាករបស់អាស៊ាន ហើយក៏បានបង្ហាញនូវគន្លឹះមួយចំនួន ដើម្បីឈានទៅដោះស្រាយបញ្ហានេះដែរ។
សម្តេចតេជោ ហ៊ុន សែន វាគ្មិនថ្នាក់ខ្ពស់លើវេទិកានៃកិច្ចពិភាក្សានេះ ត្រូវបានផ្តល់អាទិភាពឱ្យធ្វើសេចក្តីសន្និដ្ឋានរួមចុងក្រោយទៅលើប្រធានបទដែលបានលើកមកជជែក ក៏ដូចជាបង្ហាញអាទិភាពមួយចំនួនដែលកម្ពុជា នឹងប្រកាន់យកក្នុងនាមជាប្រធានអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្តោបទៅលើទិដ្ឋភាពប្រឈមសំខាន់ៗមួយចំនួនមានដូចជា ការប្រឈមនឹងការប្រកួតប្រជែងរបស់មហាអំណាច, គំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក, ជម្លោះដែនសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ាន និងវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៉ី ទៅលើអ៊ុយក្រែន។
សម្តេចតេជោ បានបញ្ជាក់ថា អាស៊ាន គឺជាសហគមន៍មួយកំពុងស្ថិតនៅក្នុងស្ថានភាពដែលមានផលប៉ះពាល់មកលើខ្លួន។ ពាក់ព័ន្ធការប្រកួតប្រជែងរវាងមហាអំណាចចិន និងអាមេរិក សម្តេចតេជោ បានគូសរំលេចថា អាស៊ាន មិនត្រូវជ្រើសរើសនរណានោះទេ។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំក៏បានកត់សម្គាល់ថា មិត្តភ័ក្តិរបស់យើងជាមហាអំណាចក៏បានប្រាប់មកយើងថា មិនមានភាពចាំបាច់ឱ្យជ្រើសរើសនរណានោះទេ។ ហើយយើងបានបញ្ជាក់ទៅវិញថា បើអស់លោកឱ្យខ្ញុំជ្រើសរើស ក៏យើងខ្ញុំអត់ជ្រើសរើសដែរ»។ សម្តេចតេជោ បានលើកឡើងទៀតថា «ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បានធ្វើឱ្យអាស៊ានរបស់យើងជួបការលំបាកយ៉ាងច្រើន»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់គំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាគំនិតផ្តួចផ្តើម ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍។ តែសម្តេចតេជោ បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមណាក៏ដោយដែលទាក់ទងជាមួយឥណ្ឌូ-ប៉ាស៊ីហ្វិក គឺត្រូវបម្រើដល់គោលបំណង៣យ៉ាងរួមមាន៖ ទី១៖ បម្រើដល់សន្តិភាព និងការអភិវឌ្ឍ, ទី២៖ មិនប្រឆាំងនឹងប្រទេសណា និងទី៣៖ បម្រើដល់មជ្ឈភាពរបស់អាស៊ាន។
សម្តេចតេជោ បានលើកឡើងដែរថា អាស៊ាន ក៏មានគំនិតផ្តួចផ្តើមរបស់ខ្លួនពាក់ព័ន្ធនឹងឥណ្ឌូ-ប៉ាស៊ីហ្វិកនេះផងដែររ។ សម្តេចស្នើដល់ប្រទេសពាក់ព័ន្ធគំនិតផ្តួចផ្តើមនេះ គាំទ្រដល់គំនិតផ្តួចផ្តើមបង្កើតដោយអាស៊ាន។ ពាក់ព័ន្ធបញ្ហាជម្លោះដែនសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាស៊ាន នៅតែបន្តជំរុញអនុវត្តឱ្យបានខ្ជាប់នូវក្រមប្រតិបត្តិ DOC ដែលដាក់ចេញពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០០២ ហើយឈានទៅសម្រេចឱ្យបាននូវក្រមប្រតិបត្តិ COC។ ជាពិសេសការជំរុញឱ្យមានកិច្ចពិភាក្សារវាងភាគីមានជម្លោះ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា បញ្ហាដែលប្រឈមខ្លាំងសម្រាប់ពិភពលោក និងអាស៊ាន គឺសង្គ្រាមឈ្លានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបច្ចុប្បន្នសង្គ្រាមនេះ បង្កើតត្រឹមវិបត្តិថាមពល តែទៅពេលខាងមុខនឹងមានវិបត្តិស្បៀងអាហារថែមទៀតផង។
ពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើវិធានដាក់ទណ្ឌកម្មគួរតែបញ្ឈប់ ព្រោះមិនមានប្រយោជន៍នោះឡើយ ហើយបង្កផលប៉ះពាល់ទាំងប្រទេសដាក់ទណ្ឌកម្ម និងប្រទេសដែលគេដាក់ទណ្ឌកម្ម។ ចុងបញ្ចប់នៃបទអន្តរាគមន៍នេះ សម្តេចតេជោ បានគូសរំលេចថា ដើម្បីដោះស្រាយវិបត្តិដែលកំពុងប្រឈមចំពោះអាស៊ាន គឺអាស៊ាននឹងខិតខំជំរុញការធ្វើសមាហរណកម្មអាស៊ានឱ្យបានឆាប់តាមរយៈកិច្ចព្រមព្រៀងនានា ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ៕ ដោយ វណ្ណលុក






