សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់ស្លាប់ ក្រោយខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅ សាលាបឋមសិក្សាមួយកន្លែងនៅរដ្ឋតិចសាស់

ហូស្តុន៖ អភិបាលរដ្ឋតិចសាស់លោក ហ្គ្រេក អាប់បុត បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាន មួយថា ខ្មាន់កាំភ្លើងម្នាក់បានដើរចូលទៅក្នុងសាលាបឋមសិក្សាមួយក្នុងទីក្រុងយូវ៉ាល់ដេ រដ្ឋតិចសាស់ នារសៀលថ្ងៃអង្គារម្សិលមិញ ហើយបានបើកការបាញ់ប្រហារសម្លាប់កុមារ ១៤នាក់ និងគ្រូបង្រៀនម្នាក់។

លោក អាប់បុត បន្តថា ខ្មាន់កាំភ្លើងគឺជាយុវជនអាយុ ១៨ឆ្នាំបានចូលសាលាបឋមសិក្សារ៉ប់ (Robb) ក្នុងទីក្រុងយូវ៉ាល់ដេ ជាមួយនឹងកាំភ្លើងខ្លីមួយដើម និង កាំភ្លើងវែងមួយដើមផងដែរ។

ក្រុមមន្ត្រីមិនបានបង្ហាញពីមូលហេតុនៃការបាញ់ភ្លាមៗនោះទេ ប៉ុន្តែមន្ត្រីមូលដ្ឋានបានកំណត់ អត្តសញ្ញាណ ជនវាយប្រហារឈ្មោះ សាល់វ៉ាឌ័រ រ៉ាម៉ូស (Salvador Ramos) និងថា រូបគេជាអ្នក ស្រុកនៃសហគមន៍ជនជាតិឡាទីន ដែលមានចម្ងាយប្រហែល ១៣៥គីឡូម៉ែត្រពីភាគខាងលិច ទីក្រុងសាន់អង់តូនីញ៉ូ (San Antonio)។

អភិបាលរដ្ឋតិចសាស់បន្ថែមថា ខ្មាន់កាំភ្លើងទំនងជាត្រូវបានសម្លាប់ដោយមន្ត្រីប៉ូលិស ប៉ុន្តែ ព្រឹត្តិការណ៍នេះនៅកំពុងស៊ើបអង្កេតនៅឡើយ។ លោក ភីតេ អារ៉េដុនដូ (Pete Arredondo) មេប៉ូលិសតំបន់បាននិយាយថា ជនវាយប្រហារបានធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។

គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារដ៏កក្រើកខាងលើនេះ បានកើតឡើងត្រឹមតែ១០ថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីខ្មាន់កាំភ្លើងពាក់អាវក្រោះការពារម្នាក់ បានសម្លាប់អ្នកដើរទិញឥវ៉ាន់ និង និយោជិតស្បែកខ្មៅ ១០នាក់នៅផ្សារទំនើបមួយក្នុងទីក្រុងបាហ្វហ្វាឡូ (Buffalo) រដ្ឋញូវយ៉ក ក្នុងអ្វីដែលអាជ្ញាធរនិយាយថា ជាការវាយប្រហារប្រកាន់ពូជសាសន៍៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner