សម្តេចតេជោ ហ៊ុន សែន៖ បេសកកម្មរបស់សម្តេចនៅទីក្រុងដាវ៉ូស ប្រទេសស្វីស «វេទិកាសេដ្ឋកិច្ចពិភពលោក» បានបញ្ចប់ទាំងស្រុង និងរៀបចំធ្វើដំណើរត្រឡប់មកកាន់មាតុភូមិវិញ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិ ពីដំណើរត្រៀមចាកចេញរបស់សម្តេច និងគណៈប្រតិភូកម្ពុជា ពីទីក្រុងដាវ៉ូស ប្រទេសស្វីស បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់បងប្អូន ជនរួមជាតិ រស់នៅប្រទេសស្វីស ក៏ដូចជារស់នៅតាមបណ្តាប្រទេសនានា ក្នុងតំបន់អឺរ៉ុប និងអង់គ្លេស ដែលបានមកទទួលស្វាគមន៍ដំណើរអញ្ជើញដល់ របស់សម្តេច និងគណៈប្រតិភូ ព្រមទាំងបានចូលរួមសំណេះសំណាលជាមួយ សម្តេចដោយភាពស្និទ្ធស្នាល រាក់ទាក់ និងក្តីនឹករលឹកជាទីបំផុត។

សម្តេចក៏បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ដែលជាកម្លាំងស្មារតីជាតិដ៏ធំមួយ ជំរុញវឌ្ឍនភាពជាតិកម្ពុជា។ សម្តេចតេជោ បានប្រកាសថា សម្តេចនឹងអាចធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបជាថ្មី អាចនៅក្នុ្ងងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ ទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដើម្បីចូលរួមអបអរសាទរខួនអនុស្សាវរីយ៍លើកទី ៤៥ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសហភាពអឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការគណបក្សទាំងអស់ ត្រូវប្រកាន់ឥរិយាបទប្រកបដោយភាពថ្លៃថ្នូរ ក្នុងឱកាសធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ខណៈយុទ្ធនាការឃោសនាបោះឆ្នោត អស់រយៈពេលប៉ុន្មានថ្ងៃមកនេះប្រកបដោយភាពរលួន និងស្ងប់ស្ងាត់ ដោយពុំមានបាតុភូតអ្វីកើតឡើងនោះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា មកទល់ពេលនេះ មានរយៈពេល១៨ថ្ងៃ ជាប់ៗគ្នាហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ខណៈដែលតាមមន្ទីរពេទ្យនានាមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលបន្តត្រឹមចំនួន៧នាក់ប៉ុណ្ណោះ ហើយអ្នកជំងឺទាំងនោះមានជំងឺផ្សេងៗទៀត ដែលពួកគេត្រូវសម្រាកព្យាបាលបន្ត៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner