លោក ចូ បៃដិន ទាមទារឱ្យផ្លាស់ប្តូរច្បាប់គ្រប់គ្រងអាវុធ បន្ទាប់ពីមនុស្សស្លាប់កើនដល់ ២១នាក់ក្នុងករណីបាញ់ប្រហារនៅរដ្ឋតិចសាស់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើការអំពាវនាវឱ្យមានការផ្លាស់ប្តូរច្បាប់ស្តីពីកាំភ្លើងនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ ហើយបានសម្តែងការសោកស្ដាយនៅក្នុងសុន្ទរកថារបស់ខ្លួនទៅកាន់ប្រទេសជាតិ បន្ទាប់ពីមានការបាញ់ប្រហារដ៏សាហាវនៅសាលាបឋមសិក្សាមួយកន្លែងក្នុងទីក្រុងយូវ៉ាល់ដេ រដ្ឋតិចសាស់។

ជាមួយគ្នានេះ លោក ចូ បៃដិន បានស្នើសុំប្រទេសជាតិ ឱ្យក្រោកឈរឡើងប្រឆាំងការប្រើប្រាស់អាវុធខុសច្បាប់ ហើយប្រែក្លាយការឈឺចាប់ទៅជាសកម្មភាព។ លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ខ្ញុំឈឺចាប់ និងធុញទ្រាន់នឹងវា (ការបាញ់ប្រហារ) យើងត្រូវធ្វើសកម្មភាព ហើយកុំប្រាប់ខ្ញុំថា យើងមិនអាចមានឥទ្ធិពលលើការសម្លាប់រង្គាលនេះទេ។

ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាញ់រះនៅសាលាបឋមសិក្សារដ្ឋតិចសាស់ កាលពីថ្ងៃអង្គារម្សិលមិញ បានកើនឡើងដល់ ២១នាក់ហើយ ដោយក្នុងនោះមានកុមារ១៨នាក់ និងមនុស្សធំ៣នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ទេថាតើចំនួននោះ រួមបញ្ចូលទាំងអ្នកវាយប្រហារដែរឬក៏អត់ ខណៈមន្ត្រីអនុវត្តច្បាប់សហព័ន្ធនិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត។

ហើយហេតុការណ៍ថ្មីនេះ បានកើតឡើងត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើងបានសម្លាប់អ្នកទិញទំនិញ និងបុគ្គលិកស្បែកខ្មៅចំនួន១០នាក់នៅផ្សារទំនើបមួយក្នុងទីក្រុងប៊ូហ្វាឡូ រដ្ឋញូយ៉ក ក្នុងអ្វីដែលអាជ្ញាធរនិយាយថា ជាការវាយប្រហារប្រកាន់ពូជសាសន៍៕ ប្រភព៖ CGTN និង Foxnews ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner