លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា អ៊ុយក្រែននឹងមិនលះបង់ទឹកដី ដើម្បីជាថ្នូរនឹងការបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីឡើយ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃអង្គារសប្តាហ៍នេះបានបញ្ជាក់ថា ពិភពលោកបានគិតដំបូងថា អ៊ុយក្រែននឹងមានរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ីបានឈ្លានពាន។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលដល់ពិភពលោកនោះ យើងបានប្រយុទ្ធមិនមែនបីថ្ងៃ មិនមែន ៣០ថ្ងៃទេ តែ០៣ខែរួចទៅហើយ។

បទសម្ភាសន៍ខាងលើនេះធ្វើឡើងនៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ នាឱកាសនោះ លោក ហ្សេលេនស្គី បានស្នើឱ្យសន្តិភាពនៅអ៊ុយក្រែន ត្រូវតែកើតឡើង ដោយមិនមានការប្រគល់ទឹកដីណាមួយឡើយ។

លោកថា សម្រាប់ប្រជាជនអ៊ុយក្រែនទាំងអស់ ជ័យជំនះមានន័យថា ការដណ្តើមយកទឹកដីរបស់យើងមកវិញ រួមទាំងតំបន់ដុនបាស់ និងឧបទ្វីបគ្រីមៀ។ ប៉ុន្តែជាដំបូង យើងកំពុងប្រយុទ្ធដើម្បីទទួលបានទឹកដីរបស់យើងត្រឡប់ទៅដូចដែលវានៅមុនថ្ងៃទី២៤ខែកុម្ភៈ។ បន្ទាប់មកយើងនឹងស្នើឱ្យរុស្ស៊ីចូលមកកាន់តុចរចា ដើម្បីបញ្ចប់សង្គ្រាមនេះ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា ការទទួលបាននូវការគ្រប់គ្រងមកវិញ នៃតំបន់នៅតាមបណ្តោយសមុទ្រខ្មៅ និងសមុទ្រអាហ្សូវ នឹងជួយទប់ស្កាត់វិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើតមាន។ លោកថា អ៊ុយក្រែននឹងអាចបញ្ជូនស្រូវសាលី និងពោតចេញទៅកាន់ទីផ្សារអឺរ៉ុប អាស៊ី និងអាហ្រ្វិក ដើម្បីសម្រាលការខ្វះខាតនៅចំពោះមុខ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner