សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ការអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ត្រលប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីចាក់ចេញពីទីក្រុងដា វ៉ូស ប្រទេសស្វីស ជាទីដែលសម្ដេចបានអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ រយៈពេល ៥ថ្ងៃ។

សូមរំលឹកថា មុនពេលចាកចេញពីទីក្រុងដាវ៉ូស សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសស្វីស និងរស់នៅតាមបណ្តាប្រទេសនៅសហភាពអឺរ៉ុប និងអង់គ្លេស ដែលបានធ្វើដំណើរ មកទទួលសម្តេចតេជោ នៅឯទីក្រុងហ្សូរីក ប្រទេសស្វីស កាលពីថ្ងៃសៅរ៍កន្លងទៅ។

សម្តេចតេជោ បានបង្ហាញក្តីរីករាយ ដែលបានឃើញការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ នៅប្រទេសស្វីស គាំទ្រចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បន្តថា សម្តេចមានមោទនភាព ជាមួយនឹងការគាំទ្រទាំងអស់ ពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទ្វីបអឺរ៉ុប ហើយសង្ឃឹមថា នឹងអាចមានការវិលត្រឡប់ ជួបជុំជាមួយប្រជាពលរដ្ឋសារជាថ្មីម្តងទៀត នៅខែធ្នូ ឆ្នាំ២០២២នេះ នៅឯទីក្រុងព្រុយសែល ប្រទេសប៊ែលហ្ស៊ិក ដែលកម្មវិធីនេះ កំពុងធ្វើការសម្របសម្រួល អំពីពេលវេលា សម្រាប់រៀបចំខួបអនុស្សារវីយ៍ នៃទំនាក់ទំនង៤៥ឆ្នាំ រវាងសហភាពអឺរ៉ុប និងអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងជាមួយនឹងសមាជិកអាស៊ានដទៃទៀត ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ាន និងអឺរ៉ុប ក្នុងករណីដែលមានការព្រមព្រៀងគ្នា អំពីពេលវេលា អាចនៅក្នុងខែធ្នូ ឆ្នាំ២០២២ ដោយពេលនោះ នឹងអាចមានលទ្ធភាពនៃការជួបជុំ រវាងសម្តេចតេជោ និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទ្វីបអឺរ៉ុប៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner