រុស្ស៊ី៖ ទីក្រុងម៉ូស្គូទំនងជានឹងពង្រឹងវិស័យការពារជាតិ ចំពេលមានអរិភាពរបស់ជប៉ុន

ម៉ូស្គូ៖ ប្រទេសរុស្ស៊ីនៅថ្ងៃពុធសប្តាហ៍នេះបានបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពអរិភាពរបស់ជប៉ុន ហើយរក្សាសិទ្ធិក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាការឆ្លើយតប។

អ្នកនាំពាក្យក្រសួងការបរទេសរុស្សីលោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការអត្ថាធិប្បាយទៅលើអ្វីដែលហៅថា ការតវ៉ារបស់ប្រទេសជប៉ុនប្រឆាំងនឹងការធ្វើសមយុទ្ធដែនអាកាសរួមគ្នាដោយកងកម្លាំងអាកាសចិន និងរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍នេះ។

លោកស្រី ហ្សាខារ៉ូវ៉ា បន្តថា កិច្ចសហប្រតិបត្តិការរវាងយោធារុស្ស៊ី-ចិន គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី ហើយការហោះល្បាតតាមអាកាសរួមគ្នាជាទៀងទាត់ បានបង្ហាញពីកម្រិតខ្ពស់ នៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងអន្តរកម្មរវាងកងកម្លាំងប្រដាប់អាវុធប្រទេសទាំងពីរ។

លោកស្រីបន្ថែមថា សមយុទ្ធដែនអាកាសទាំងនេះធ្វើឡើងដោយអនុលោមតាមបទដ្ឋាននៃច្បាប់អន្តរជាតិ និងបំពេញបានយ៉ាងពេញលេញនូវគោលបំណងនៃការពង្រឹងសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងក្នុងពិភពលោកទាំងមូល។

លោកស្រី ហ្សាខារ៉ូវ៉ា បានរិះគន់ជប៉ុនចំពោះការប្រកាន់ខ្ជាប់នូវព្រឹត្តិការណ៍ហ្វឹកហ្វឺនបែបប្រពៃណីដែលមានស្រាប់ទាំងនេះ បំភ្លៃគោលដៅ និងខ្លឹមសាររបស់ពួកគេ ហើយភ្ជាប់វាខុសជាមួយនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ អ្នកការទូតបានច្រានចោលអ្វីដែលហៅថា ការតវ៉ារបស់ជប៉ុនថា «គ្មានមូលដ្ឋាន និងមិនសមហេតុផល»៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner