សន្សំថវិកា និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយការចូលរួមប្រើប្រាស់ថាមពលប្រកបដោយទំនួលខុសត្រូវ តាមរយៈយុទ្ធនាការ «ខ្ញុំសន្សំ» ឬ «iSave»

ភ្នំពេញ ៖ ស្របតាមការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ យុទ្ធនាការលើបណ្តាញសង្គមមួយដែលត្រូវបានស្គាល់ថា «ខ្ញុំសន្សំ» ឬ «iSave» ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រសិទ្ធភាពថាមពល។ តាមរយៈការស្វែងយល់និងអនុវត្តទម្លាប់ងាយៗ អ្នកប្រើប្រាស់តាមផ្ទះនិងម្ចាស់អជីវកម្មនឹងអាចកាត់បន្ថយការប្រើប្រាស់ថាមពល ចំណេញថវិកា និងរួមចំណែកបង្កើតបរិស្ថានប្រកបដោយសុខភាព។

«ខ្ញុំសន្សំ» នឹងត្រូវដាក់ឲ្យដំណើរការរយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២២ ។ កិច្ចផ្តួចផ្តើមមួយនេះមានគោលបំណងពន្លឿនការផ្លាស់ប្តូរក្នុងប្រទេសកម្ពុជាក្នុងការធន់ទៅនឹងអាកាសធាតុ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ប្រទេសកម្ពុជាបានប្តេជ្ញាក្នុងការចូលរួមចំណែកកាត់បន្ថយការបំពុលជាសកល ទៅតាមលទ្ធភាពនិងធនធានរបស់ខ្លួន។ កម្ពុជាក៏បានបង្ហាញពីទស្សនវិស័យនិងយុទ្ធសាស្ត្រដែលជាត្រីវិស័យដឹកនាំប្រទេសទៅកាន់សេដ្ឋកិច្ចដែលមានតុល្យភាពកាបូនទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៥០។

«ខ្ញុំសន្សំ» ត្រូវបានរៀបចំដោយក្រុមហ៊ុន Carbon Trust គាំទ្រដោយ ការិយាល័យ Foreign Commonwealth and Development Office (FCDO)របស់រដ្ឋាភិបាលចក្រភពអង់គ្លេស យុទ្ធនាការ ដែលជាផ្នែកមួយនៃកម្មវិធីកាត់បន្ថយកាបូនក្នុងតំបន់អាស៊ាន និងអនុវត្តដោយដៃគូ រួមមាន ស៊ី អ៊ិនវេសមិន ដែលជាសហគ្រាសសង្គមផ្តល់ការគាំទ្រដល់សហគ្រាស ធុនតូចរបស់សហគ្រិនស្រ្តីនៅក្នុងប្រទេសកម្ពុជា។

លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូររបត់ទៅកាន់ថាមពលស្អាតដែលដើរទន្ទឹមគ្នានឹងប្រសិទ្ធភាពថាមពលក្លាយជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពដែលធានានូវសន្តិសុខអាកាសធាតុនិងថាមពល និងភាពរុងរឿងសម្រាប់ប្រទេសកម្ពុជានិងពិភពលោកទាំងមូល»។

លោកជំទាវបានបន្តថា៖ «សន្និសីទក្រុងប៉ារីសលើកទី២៦ របស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុបានទទួលភាពជោគជ័យដ៏ធំមួយនៅក្នុងទីក្រុង ក្លាសហ្គូ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីភាគីចំនួន ១៩៧ភាគីបានយល់ព្រមនៅក្នុងកតិកាសញ្ញាអាកាសធាតុទីក្រុងក្លាសហ្គូ មូលមតិគ្នាទៅលើភាពចាំបាច់នៃសកម្មភាពលើអាកាសធាតុ។ ដើម្បីបន្តភាពជោគជ័យមួយនេះនៅក្នុងឆ្នាំ២០២២ និងឆ្លើយតបនឹងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការផ្លាស់ប្តូរជាសកលក្នុងការប្រើប្រាស់ថាមពលស្អាតនិងប្រកបដោយប្រសិទ្ធភាពពិតជាមានការចាំបាច់ខ្លាំងណាស់។ នៅស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ពួកយើងពិតជាមានសេចក្តីរីករាយក្នុងការបន្តការគាំទ្ររបស់យើងទៅលើប្រទេសកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការសម្រាប់សន្តិសុខថាមពលនៅថ្ងៃនេះនិងនាពេលអនាគត»។

«ខ្ញុំសន្សំ» មានគោលបំណងជំរុញនិងលើកទឹកចិត្តដល់សហគ្រិនជាស្រ្តី យុវជន និង សាធារណៈជនអំពីការប្រើប្រាស់ថាមពលប្រកបដោយទំនួលខុសត្រូវ។ តាមរយៈទំព័ររបស់ខ្លួន «ខ្ញុំសន្សំ» នឹងផ្តល់វិធីសាស្ត្រងាយៗ សាមញ្ញ ក៏ដូចជាព័ត៌មាននានា ដែលអាចឲ្យប្រជាជនតាមផ្ទះឬសហគ្រិនអាចប្រើប្រាស់ជាក្បួនណែនាំស្តីពីការប្រើប្រាស់និងការសម្រេចចិត្តប្រចាំថ្ងៃទាក់ទងនឹងថាមពល មានដូចជា៖

  • ពន្យល់ពីនិយមន័យនៃប្រសិទ្ធភាពថាមពល ជាមួយនឹងឧទាហរណ៍
  • ពន្យល់ពីសារៈសំខាន់នៃការលាងសម្អាតម៉ាស៊ីនត្រជាក់ និងរបៀបដែលវាអាចកាត់បន្ថយការប្រើប្រាស់ថាមពល
  • កំណត់អេក្រង់កុំព្យូទ័រទៅជា sleep mode ឬបិទកុំព្យូទ័រឱ្យបានត្រឹមត្រូវពេលមិនប្រើ
  • ចែករំលែកគន្លឹះក្នុងការសន្សំសំចៃថវិកាតាមរយៈការទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឬសម្ភារៈការិយាល័យដែលមានស្លាកសញ្ញាប្រសិទ្ធភាពថាមពល
  • ប្រើបន្ទះថាមពលឆ្លាតវៃដែលអាចរកឃើញនៅពេលដែលឧបករណ៍ស្ថិតនៅក្នុង standby mode
  • កាត់បន្ថយថាមពលដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល។
    «ខ្ញុំសន្សំ» ក៏នឹងដើរតួជាវេទិកាមួយដែលដៃគូនានាក្នុងប្រទេសកម្ពុជាដូចជា ស៊ី អ៊ិនវេសមិនជាដើម ក្នុងការ អាចចូលរួមចែករំលែកចំណេះដឹង បច្ចេកវិទ្យា និង គំនិតៗថ្មីទាក់នឹងប្រសិទ្ធភាពថាមពល ទៅដល់សហគមន៍របស់ខ្លួនក្នុងប្រទេសកម្ពុជាដែលធ្វើអាជីវកម្មដែលពឹងផ្អែកលើអគ្គិសនីក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ។
    ការរកឃើញពីការពិភាក្សាក្រុមជាមួយក្រុមគោលដៅ (FGD) ដែលត្រូវបានដំណើរការនៅមុនពេលនៃការបង្កើតយុទ្ធនាការនេះ បានបង្ហាញថា បើទោះបីជាពាក្យថា «ប្រសិទ្ធភាពថាមពល» គឺហាក់នៅតែអ្វីដែលថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន វាក៏នៅមានឱកាសដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេ ដោយការចាប់ផ្តើមពីគំនិតដែលងាយយល់ជាងនេះគឺ «ការសន្សំថាមពល»។

លោក Chris Stephen នាយកនៃក្រុមហ៊ុន Carbon Trust ប្រចាំតំបន់អាស៊ី និង អាហ្វ្រិក បានឲ្យដឹងថា៖ «មតិដែលបានត្រឡប់មកពីការពិភាក្សាក្រុមបានបង្ហាញថា បើទោះបីជាពួកគេមានការចាប់អារម្មណ៍លើការសន្សំថាមពលក៏ដោយ កង្វះព័ត៌មានដែលទាក់ទងនឹងប្រសិទ្ធភាពថាមពលនៅតែជាបញ្ហាចោទ។ «ខ្ញុំសន្សំ» មានគោលបំណងជួយលុបគម្លាតនេះដោយផ្តល់នូវព័ត៌មាននិងមាតិកាដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដើម្បីធ្វើឱ្យវាងាយស្រួលសម្រាប់ពួកគេក្នុងការទទួលបានដំបូន្មានដែលពួកគេត្រូវការដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពថាមពល និងដើម្បីដឹងពីអត្ថប្រយោជន៍នៃថាមពលជាដើម»។

ការស្រាវជ្រាវក៏បានលើកឡើងពីតួនាទីសំខាន់ដែលស្ត្រីដើរតួក្នុងការលើកកម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាពនៅផ្ទះ និងនៅកន្លែងធ្វើការ។ វាត្រូវបានគេរកឃើញថាស្ត្រីដើរតួជាអ្នកគ្រប់គ្រងផ្ទះ ដោយពួកគេបានចំណាយពេលភាគច្រើននៅផ្ទះ និងជាមូលហេតុដែលពួកគេប្រើប្រាស់ថាមពលសំខាន់ៗតាមរយៈការងារប្រចាំថ្ងៃរបស់ពួកគេ ដូចជាការសម្អាត ចម្អិនអាហារ បោកគក់ និងអ៊ុត ក្នុងចំណោមកិច្ចការផ្សេងទៀតដែលប្រើប្រាស់អគ្គិសនី។ ពួកគេក៏មានការយល់ដឹងច្រើនជាងសមាជិកគ្រួសារផ្សេងទៀត ដូចជាស្វាមី និងកូនៗរបស់ពួកគេ អំពីថាតើឧបករណ៍អ្វីខ្លះត្រូវបានប្រើប្រាស់ញឹកញាប់ និងប្រើប្រាស់ថាមពលច្រើនជាង។ តាមរយៈការយល់ដឹងនេះ ស្ត្រីពិតជាមានឥទ្ធិពលយ៉ាងខ្លាំងលើគ្រួសាររបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យកាត់បន្ថយការប្រើប្រាស់ថាមពល ដែលជាកត្តាសន្សំថវិកាដើម្បីប្រើប្រាស់សម្រាប់ការចំណាយផ្សេងទៀតក្នុងគ្រួសារ។

ក្នុងភាពជាដៃគូជាមួយ ស៊ី អ៊ិនវេសមិន «ខ្ញុំសន្សំ» នឹងរៀបចំសិក្ខាសាលាលើបណ្តាញសង្គមដែលផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។ សម្ភារៈធនធាន និងវីដេអូបណ្តុះបណ្តាលស្តីពីប្រសិទ្ធភាពថាមពលក៏នឹងមានផងដែរតាមរយៈគេហទំព័ររបស់ ស៊ី អ៊ិនវេសមិន៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner