សមាគមហ្វារពន្លឺសិល្បៈ មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ លើកទី១១ នឹងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា

ខេត្តបាត់ដំបង ៖ សមាគមហ្វារពន្លឺសិល្បៈ មានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងថា មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ លើកទី១១នឹងត្រលប់មកវិញម្តងទៀតដោយប្រព្រឹត្តិទៅនៅក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។

មហោស្រពអន្តរជាតិ ទីនេះ ទីនោះ គឺជាមហោស្រពសៀកអន្តរជាតិដែលនាំយកសិល្បករ សិល្បការិនីជាច្រើននៅជុំវិញពិភពលោក មកបង្ហាញសមត្ថភាពនៃការសម្តែងសៀករបស់ពួកគេនៅតាមដងផ្លូវ និងទីប្រជុំជននានានៅក្នុងប្រទេសកម្ពុជា។ មហោស្រពទីនេះទីនោះឆ្នាំនេះ រួមមានសិល្បករ សិល្បការិនី មកពីប្រទេសកម្ពុជា ថៃ តៃវ៉ាន់ និងប្រទេសបារាំង ដែលនឹងមកប្រមូលផ្តុំគ្នានៅទីក្រុងបាត់ដំបងដើម្បីធ្វើការសម្តែង ចែករំលែកបទពិសោធន៍ ចំណេះដឹងជាមួយនឹងសិស្សសៀករបស់យើង បំផុសគំនិតពួកគេឲ្យដើរតាមក្តីស្រម៉ៃរបស់ខ្លួននៅក្នុងវិថីសិល្បៈ។

កម្មវិធីរយៈពេល ៦ថ្ងៃនៃមហោស្រពនេះនឹងនាំយកមកនូវការសម្តែងសៀកខុសប្លែកគ្នាថ្មីៗរៀងរាល់ល្ងាចនៅក្នុងតង់សម្តែងនៃសមាគមហ្វារពន្លឺសិល្បៈ។ អ្វីដែលពិសេសនោះគឺលោកអ្នកអាចចូលរួមជាមួយសកម្មភាពសិល្បៈ ទស្សនាការសម្តែងខ្លីៗដោយឥតគិតថ្លៃ និងភ្លក់រសជាតិអាហារក្នុងស្រុកឆ្ងាញ់ៗផងដែរ។ មហោស្រពទីនេះទីនោះនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី ២៩ ខែឧសភា ជាមួយនឹងក្បួនដង្ហែរតុក្កតាយក្ស និងសៀក នៅតាមដងផ្លូវនៃទីក្រុងបាត់ដំបង។ នៅថ្ងៃសុក្រ ទី ៣ ខែមិថុនា គឺជាថ្ងៃបង្ហើយនៃកម្មវិធីដោយមានការប្រគុំតន្ត្រីចុងក្រោយដោយក្រុមតន្ត្រីហ៊ីបហប “ក្លាបយ៉ាហ៊ែន” ។

គោលបំណងនៃមហោស្រពទីនេះទីនោះគឺនាំឲ្យមានការបំផុសគំនិតដល់យុវជន ជំរុញឲ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន លើកកម្ពស់សិល្បៈក្នុងសង្គមកម្ពុជា នាំមកនូវការរួបរួម និងការយល់ដឹងពីតម្លៃរួមរបស់គ្នា។

“ការនាំយក និងរៀបចំមហោស្រពសិល្បៈគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ហ្វារ ដើម្បីនាំយកសិល្បៈទៅកាន់ប្រជាជន និងចូលរួមជាមួយសហគមន៍ដើម្បីកសាងអត្តសញ្ញាណវប្បធម៌បេតិកភណ្ឌរួមគ្នា។ យើងសង្ឃឹមថាការនាំមកនូវមហោស្រពសិល្បៈនឹងជួយលើកមុខមាត់ខេត្តបាត់ដំបង ជាខេត្តនៃមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ច្នៃប្រឌិតរបស់ប្រទេសកម្ពុជា” លោកអូស្មាន់ ខាវ៉ាចា បានមានប្រសាសន៍។ “យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលយើងបានទទួលការគាំទ្រពីអភិបាលខេត្តបាត់ដំបងដើម្បីឲ្យយើងអាចធ្វើជាម្ចាស់ផ្ទះនៃមហោស្រពសៀកទីនេះទីនោះនៅឆ្នាំនេះ ក្រោយពីមានការលុបចោលព្រឹត្តិការណ៍នេះម្តងកាលពីឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត។ ចាប់តាំងពីមានការបើកច្រកព្រំដែនឡើងវិញនៅក្នុងប្រទេសកម្ពុជាមក យើងច្បាស់ណាស់ថាព្រឹត្តិការណ៍មហោស្រពទីនេះទីនោះឆ្នាំនេះនឹងនាំឲ្យមានភាពសប្បាយរីករាយកើតឡើងសម្រាប់គ្រប់គ្នា ទោះបីជាយើងមានរយៈពេលខ្លីក្នុងការរៀបចំក៏ដោយ។

មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ ត្រូវបានឧបត្ថម្ភដោយ La Region Occitanie Organisation Internationale de la Francophonie ក្រសួងវប្បធម៌តៃវ៉ាន់ និងសហការរៀបចំកម្មវិធីដោយល្ខោនសៀកកម្ពុជាហ្វារ។ ការកើតមានឡើងនៃមហោស្រពនេះគឺជាឱកាសដ៏ល្អមួយដើម្បីនាំយកសិល្បករ សិល្បការិនីអន្តរជាតិ ក៏ដូចជាលើកទឹកចិត្តភ្ញៀវទេសចរណ៍ឲ្យត្រឡប់មកលេងខេត្តបាត់ដំបងជាថ្មីម្តងទៀត ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner