ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជាស្ម័គ្រចិត្តបម្រើប្រជាជន សាមគ្គីភាព និងស្មារតីជួយគ្នានាគ្រាអាសន្ន 

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានស្មារតីស្រលាញ់ និងគោរពដល់ប្រជាជនខ្មែរ និងស្ម័គ្រចិត្តបម្រើប្រជាជនអស់ពីចិត្ត ពីថ្លើម ប្រកបដោយគុណធម៌ សាមគ្គីភាព និងស្មារតីជួយគ្នានាគ្រាអាសន្ន ដែលនេះក៏ជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរតាំងពីបុរាណកាលមកម្លេះ។ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលច្បាស់លាស់ និងអាចធានាវឌ្ឍនភាពយ៉ាងពិតប្រាកដរបស់ប្រជាជនកម្ពុជា។

ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងឃុំមនោរម្យ និងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សរុបប្រមាណជាង ៦០០នាក់ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ 

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា មិនមែនស្រលាញ់ប្រជាពលរដ្ឋ តែតាមរដូវកាលនោះទេ តែគណបក្សតែងមានវត្តមានគ្រប់ពេលវេលាជាមួយបងប្អូនប្រជាពលរដ្ឋ មិនថាពេលសុខសន្តិភាព ឬពេលទុក្ខលំបាកនោះទេ។  

ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់សមាជិក សមាជិកាទាំងអស់ក្នុងការដណ្តើមជ័យជម្នះ ជូនគណបក្សក្នុងការបោះឆ្នោតក្នុងឃុំរបស់ខ្លួន។  ក្នុងនាមជាសមាជិក សមាជិកា ការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាភារកិច្ចចាំបាច់ និងសំខាន់បំផុត ព្រោះការបោះឆ្នោត គឺជាកត្តាកំណត់សម្រាប់គណបក្សប្រជាជនកម្ពុជាអាចបន្តបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ 

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើការក្រើនរម្លឹកដល់សមាជិក សមាជិកាថា ទោះបីអ្នកណានិយាយ ឬសន្យាអ្វីក៏ដោយដែលមានចេតនាបំភ័ន្ត និងបន្លំមកលើទឹកចិត្តស្រលាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាក៏ដោយ តែយើងត្រូវមានគោលជំហររឹងមាំ ជឿជាក់តែលើការពន្យល់ពីមន្រ្តីគណបក្សតែមួយគត់បានហើយ ក៏សូមថ្លែងអំណរគុណចំពោះវត្តមានចូលរួមរបស់សមាជិកសមាជិកានៃអង្គពិធី ដែលនេះពិតជាបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រ ការស្រលាញ់រាប់អាន និងការផ្តល់នូវភាពកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះគណបក្សប្រជាជនកម្ពុជា៕

ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី

ads banner