គម្រោងកែច្នៃភក់ ដែលចេញពីកាកសំណល់មនុស្ស(លាមក) នៅខេត្តសៀមរាប ធ្វើជីកសិកម្ម ជីមមោគ បានចាប់ផ្តើមដំណើរការជាផ្លូវការ

ខេត្តសៀមរាប ៖ សមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថាAIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធ អនាម័យនៅតំបន់ប៉ារីស¬ហៅកាត់ថាSIAAP ទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌីហៅកាត់ថាASEN បានរួមគ្នាអនុវត្តនូវ គម្រោងផលិតជីសរីរាង្គក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងមានចំនួន១លាន៧០០ពាន់អឺរ៉ូ ដោយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង ។

លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងលោកស្រីArianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញបើកការដ្ឋានដំណើរការជាផ្លូវការ គម្រោងផលិតជីសរីរាង្គនេះ ។ គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ជីមមោគ កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក) បង្កើតខ្សែសង្វាក់ទីផ្សារ ជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការវិស័យកសិកម្ម។ កែលម្អអនាម័យសាធារណៈនិងក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយ ។

ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន៤៥ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណបាន១ពាន់ម៉ែត្រគូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ។

លោក ប្រាក់ សោភ័ណ បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ក្នុងការកែឆ្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប បានធ្វើឲ្យក្រុងមានសោភ័ណភាពល្អ ធ្វើឲ្យទឹកហូរបានលឿនជៀសវាងទឹកលិចក្រុង ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ ។លោក បានបន្តថា ជីមមោគនេះមានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេសសម្រាប់ដីដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជីនេះទៅ ធ្វើឱ្យដីនោះមានជីវជាតិអាចធ្វើឱ្យកសិករបង្កបង្កើនផលបាន។ ហើយសម្រាប់ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល៤ទៅ៥ឆ្នាំទើបបានផល ។

លោកអភិបាលរងបានជំរុញឱ្យក្រុមការងារពន្លឿននៃការសាងសង ដើម្បីឲ្យគម្រោងឆាប់បានដំណើរការខ្សែសង្វាក់នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្មកម្ពុជា ៕ ម៉ី សុខារិទ្ធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner