កិច្ចប្រជុំពីលទ្ធផល យុទ្ធនាការចុះបង្រ្កាបបទល្មើសនេសាទ និងព្រៃឈើ នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២២ មានបើកកិច្ចប្រជុំត្រួតពិនិត្យ ពីលទ្ធផលនៃយុទ្ធនាការចុះបង្រ្កាបបទល្មើសជលផល និងបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមកិច្ចដឹកនាំ ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា គោលនយោបាយយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាគន្លឹះជាច្រើនដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសជម្រុញដល់សេដ្ឋកិច្ចជាតិឲ្យមានការរីចម្រើនលើគ្រប់វិស័យ ។ ក្រៅពីកិច្ចអភិវឌ្ឍន៍ខេត្ត ឯកឧត្តមក៏បានលើកបញ្ហាដែលមានលក្ខណៈស្មុគស្មាញមួយចំនួន ដែលគណៈបញ្ជាការឯកភាពខេត្តសៀមរាប ត្រូវបន្តពង្រឹងការដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ម៉ឺងម៉ាត់ ប្រសិទ្ធភាព និរន្តរភាព និងសុខសន្តិភាព ។

ឯកឧត្តមបណ្ឌិត ណៅ ធួក បានបញ្ជាក់ក្នុងកិច្ចប្រជុំ ដោយបានលើកឡើងថា រាល់ឧបករណ៍នេសាទដែលខុសច្បាប់ ក្រុមការងារត្រូវធ្វើការដកហូត ឬកំទេចចោល តែចំពោះការប្រើប្រាស់ឧបករណ៍នេសាទស្របតាមការកំណត់របស់រដ្ឋបាល ជលផល តែលើសពីការកំណត់ប្រវែង ក៏ត្រូវធ្វើការដកហូតផងដែរ ។ ម៉្យាងទៀរដូវបិទនេសាទនឹងចូលមកដល់នៅខែខាងមុខ ដែលត្រូវកម្លាំងចម្រុះ និងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ផងដែរ ។

ឯកឧត្តម បញ្ជាក់ថា រាល់ដីតំបន់លិចទឹកដែលរដ្ឋបានអនុញ្ញាត និងធ្វើការឆ្វៀលឲ្យហើយនោះ គួរបងប្អូនប្រជាកសិករធ្វើការកែប្រែពីការធ្វើស្រែប្រាំង មកធ្វើការដាំដុះដើមឬសី្ស ដែលផ្តល់នូវចំណូលខ្ពស់ជាងការធ្វើស្រែប្រាំង មិនចំណាយទុនច្រើន និងបានផ្តល់នូវជម្រកត្រីពងកូន ព្រមទាំងកាត់បន្ថយការប៉ះពាល់បរិស្ថានបឹងទន្លេសាប ដោយការប្រើប្រាស់ថ្មាំគីមី ។

ឯកឧត្តមក៏បានផ្តាំផ្ញើ ក្រុមការងារតាមដានបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប កម្លាំងសមត្ថកិច្ចអនុវត្តច្បាប់មិនត្រូវធ្វេសប្រហែលឡើយ ដែលជាពិសេសនៅរដូវបិទនេសាទដែលនឹងចូលមកដល់នៅខែកក្កដាខាងមុខនេះ ។ ម៉្យាងទៀតក្នុងរដូវបិទនេសាទ រដ្ឋបាលជលផលអនុញ្ញាតចំពោះ ការនេសាទជាលក្ខណៈគ្រួសារ ដូចជា មង និងសន្ទូច តែប៉ុណ្ណោះ ៕ ម៉ី សុខារិទ្ធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner