ក្រសួងយុត្តិធម៌ និងអង្គការដៃគូរៀបចំចងក្រងសៀវភៅស្តីពីគោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ WCS ប្រចាំកម្ពុជា បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់មួយស្តីពីការរៀបចំគោលការណ៍ណែនាំដោះស្រាយរឿងក្តីជួញដូរសត្វព្រៃជូនដល់ចៅក្រមនិងព្រះរាជអាជ្ញា។

គួរបញ្ជាក់ថា អង្គសិក្ខាសាលាមួយនេះមានការចូលរួមពីសំណាក់ចៅក្រមនិងព្រះរាជអាជ្ញាពីសាលាដំបូងខេត្តក្រុងទូទាំងប្រទេសចំនួន៥៨នាក់ដោយបានរៀបចំឡើងនាសណ្ឋានគារកាំបូឌីយ៉ាណាចាប់ពីថ្ងៃទី ២៦-២៧ ខែ ឧសភា ឆ្នាំ ២០២២។

ថ្លែងក្នុងពិធីនេះលោកស្រី ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានឱ្យដឹងថាការរៀបចំ អង្គសិក្ខាសាលាពិគ្រោះយោបល់នេះឡើងគឺក្នុងគោលបំណងប្រមូលធាតុចូលសម្រាប់រៀបចំសៀវភៅស្តីពីគោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃនៅកម្ពុជា។

លោកស្រីបានមានប្រសាសន៍ថា កាលពី ខែកុម្ភៈក្រសួងយុត្តិធម៌និងអង្គការ WCS បានរៀបចំអង្គសិក្ខាបែបនេះម្តងរួចមកហើយគឺដើម្បីឆ្លើយតទៅនឹងអានុសាសន៍មួយដែលបានកើតឡើងដោយក្រុមការងារបច្ចេកទេសក្រសួងយុត្តិធម៌និងអង្គការសមាគមន៍អភិរក្សសត្វព្រៃប្រចាំនៅកម្ពុជា។ការរៀបចំឡើងនេះដែរគឺដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពនិងចំណេះជំនាញរបស់ចៅក្រម ព្រះរាជអាជ្ញាក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃដែលមានលក្ខណៈអន្តរជាតិ និងដើម្បីអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកំពុងជួបប្រទះ។

បើតាម លោកស្រី អនុរដ្ឋលេខាធិការ ខៀវ សុផានី ឱ្យដឹងដែរថា យោងតាមលទ្ធផលនៃការវិភាគសំណុំរឿងការជួញដូរសត្វព្រៃនៅតាមសាលាដំបូងខេត្តក្រុងកន្លងមកគេបានរកឃើញ នូវបញ្ហាប្រឈមមួយចំនួនដែលប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកំពុងជួបប្រទះ មានដូចជា ការ គ្រប់គ្រងផ្នែកស៊ើបអង្កេត ការស្វែងរក និងការវិភាគភស្តុតាង ការចោទប្រកាន់ដែលរួមមានការកំណត់អត្តសញ្ញាណជនល្មើស និងជនសង្ស័យ ចំណាត់ថ្នាក់បទល្មើស… ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ និងការផ្តន្ទាទោសជាដើម។

លោកស្រីសង្ឃឹមជឿជាក់ថា ការរៀបចំ សិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីទទួលបានធាតុចូលបន្ថែម ទៅលើសេចក្តីព្រាងគោលការណ៍ណែនាំ នេះ។ គោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្ដីជួញដូរសត្វព្រៃខុសច្បាប់នេះ នឹងក្លាយជាឯកសារជំនួយ ដំបូងដល់ចៅក្រម ព្រះរាជអាជ្ញាទាំងអស់ សម្រាប់ដោះស្រាយរឿងក្ដីជួញដូរសត្វព្រៃខុសច្បាប់ នៅក្នុងប្រវត្តិនៃ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់កម្ពុជា។

លោកស្រីលើកឡើងថា”ដូចនេះ ដើម្បីទទួលបានធាតុចូលបន្ថែម សិក្ខាសាលាពិគ្រោះយោបល់ថ្ងៃនេះ ផ្ដោតជាចំបងលើការ គ្រប់គ្រងផ្នែកស៊ើបអង្កេតនិងការចោទប្រកាន់និងការកាត់ក្តីរឿងក្ដីជួញដូរសត្វព្រៃ “។

លោក បណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃឬហៅថា WCS ប្រចាំកម្ពុជាបានថ្លែងថា អង្គសិក្ខាសាលានេះនឹងផ្តល់សារៈប្រយោជន៍សំខាន់សម្រាប់បង្កើតជាគោលការណ៍ផ្លូវច្បាប់ដើម្បីចូលរួមទប់ស្កាត់នូវរាល់អំពើជួញដូរសត្វព្រៃនៅកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា ការជួញដូរសត្វព្រៃបានកើតឡើងជាសាកល ហើយកម្ពុជា ក៏ជាកន្លែងមួយដែលក្រុមជនល្មើសបានប្រើប្រាស់សម្រាប់ឆ្លងកាត់។ហេតុនេះយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ហើយព្រមជាមួយគ្នាយើងក៏ត្រូវមានច្បាប់មួយដ៏រឹងមាំសម្រាប់អនុវត្តផងដែរ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner