រដ្ឋមន្ដ្រីអប់រំ ៖ការសិក្សាជាសកម្មភាពពេញមួយជីវិត…

ភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការសិក្សាជាសកម្មភាព ពេញ មួយជីវិត ព្រោះពេលណាក៏ដោយ ក៏ត្រូវរៀន ត្រូវយល់ដឹង និងត្រូវ ស្រាវជ្រាវ ដែរ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងបែបនេះ ក្នុងឱកាស លោកអញ្ជើញចូលរួមក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សា ពីវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ការសិក្សាជាសកម្មភាពពេញមួយជីវិត ព្រោះពេលណាក៏ដោយ ក៏ត្រូវរៀន ត្រូវយល់ដឹង និងត្រូវស្រាវជ្រាវដែរ បើគ្មានការស្រាវ ជ្រាវជាប្រចំានោះទេ យើងមិនអាចដើរទាន់ ការវិវត្តនៃសង្គម បច្ចេកវិទ្យាដូចបច្ចុប្បន្ននេះទេ»។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ថ្ងៃនេះ ជាប្រវត្តិសាស្ត្រ ប្រចំាជីវិតរបស់ក្មួយៗនិស្សិត ដែលក្មួយៗបានខិតខំប្រឹងប្រែង សិក្សា ស្រាវជ្រាវ និងទទួលជោគជ័យ ដោយទទួលបានសញ្ញាបត្របញ្ចប់ ការសិក្សា។ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ក្មួយៗនឹង យកចំណេះជំនាញ ប្រកបដោយក្រម សីលធម៌ខ្ពស់ អត្តចរិតស្លូតបូត និងមានភាពច្បាស់លាស់ក្នុងការងារ ដែលក្មួយៗបានក្រេប ជញ្ជក់នៅ ទីនេះ ទៅបម្រើសង្គមជាតិយើង ក្នុងពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ក៏ស្នើឲ្យវិទ្យាស្ថានបន្តការយកចិត្តទុកដាក់ និងសម្រេចឲ្យបាននូវគោលដៅអាទិភាពមួយចំនួន ដូចជា ពិនិត្យ ឡើងវិញ ជាទៀងទាត់ នូវកម្មវិធីសិក្សាបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងធានាសង្គតិភាពជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ, ស្តង់ដារជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា,និងរក្សាបាននូវគុណភាពនៃលទ្ធផលសិក្សារបស់និស្សិត ឆ្លើយតប នឹងបច្ចុប្បន្នភាព នៃតម្រូវការទីផ្សារការងារ និងមុខរបរអាជីវកម្មជាច្រើនទៀត៕

បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានបញ្ជាក់ថា ក្នុងគោលបំណងរក្សា និងអភិវឌ្ឍប្រតិបត្តិការប្រចាំថ្ងៃ វិទ្យាស្ថាន បាននិងកំពុងបន្តពង្រឹងគុណភាពគ្រប់គ្រង គុណភាព សាស្ត្រាចារ្យ គ្រូបង្រៀន ដោយផ្តោតសំខាន់ លើការគោរពវិន័យបង្រៀន និងរៀន ការបង្កើនចំណេះដឹងជំនាញក្នុងសម័យបច្ចេកវិទ្យា ឌីជីថល សីលធម៌វិជ្ជាជីវៈ គរុកោសល្យនៃការបង្រៀន និងវិធីសាស្រ្តផ្ទេរ ចំណេះដឹង ដល់និស្សិត ដើម្បីសម្រេចបាននិរន្តរ៍ភាព គុណភាព នៃចក្ខុវិស័យៈ ថ្នាលអប់រំធុរៈកិច្ចប្រកបដោយគុណភាពឈានមុខ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងតំបន់ ដើម្បីចូលរួមចំណែកអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner