មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មចុះសួរសុខទុក្ខនិង ដុតកម្ទេចចោល ឧបករណ៍នេសាទខុសច្បាប់ដែលរឹបអូសបាន

សៀមរាប៖ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ក្រុមការងារបាន អញ្ជើញចុះ សួរសុខទុក្ខដោយនាំយកគ្រឿងឧបភោគបរិភោគនិងថវិកាចំនួនប្រាំលានរៀល ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងក្រុមការងារ គណៈកម្មការ អន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស នេសាទ នៅបឹងទន្លេសាប យកទៅផ្តល់ជូនដល់កងកម្លាំអន្តរាគមន៍ថ្នាក់ ជាតិ ប្រចាំការនៅទីបញ្ជាការកន្លែងអភិរក្សជលផលកំពង់ភ្លុក នៃបឹង ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ណៅ ធួក បានចូលរួមដុតកម្ទេច ចោលនូវឧបករណ៍នេសាទខុសច្បាប់ ដែលដកហូតបានពីជនល្មើស នាពេលកន្លងមកថ្មីៗនេះផងដែរ ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ចាប់តាំងពីពេលដែលប្រមុខ រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងរយៈពេលមួយ ខែកន្លងមកនេះ ឃើញថាបទល្មើសនេសាទមានការថយ ចុះជា លំដាប់គឺមានតែ១១ករណី និងប្រជានេសាទបានស្ម័គ្រចិត្តប្រគល់ ឧបករណ៍ឆក់ចំនួន៤៩គ្រឿង និងសម្ភារៈមួយចំនួនទៀត។

ក្នុងរដូវបិទនេសាទរយៈពេលបួនខែ ដែលនឹងមកដល់ពីថ្ងៃទី១ខែមិថុនា រហូត ដល់ដំណាច់ខែកញ្ញា (ជារដូវមច្ឆាពងកូន) ការនេសាទគ្រប់ ប្រភេទ មិនអនុញ្ញាតឱ្យធ្វើការនេសាទឡើយ លើកលែងតែការនេសាទ ជាលក្ខណៈគ្រួសារ ប្រើប្រាស់ឧបករណ៍តាមការកំណត់ដូចជា សន្ទូច ទ្រូ សំណាញ់ ឆ្នុក លបក្រឡាសាច់មងមានក្រឡា១ហ៊ុនកន្លះឡើងទៅ។

ឯកឧត្តមបានណែនាំដល់មន្ត្រីជលផល សហការគ្នាលើកផ្លាកដាក់ នៅ តាមទីសាធារណៈ ទីប្រជុំជន ដោយរាយឈ្មោះឧបករណ៍នេសាទ ដែលអាចប្រើបាននិងមិនអាចប្រើបានក្នុងរដូវបិទការនេសាទដើម្បីឱ្យប្រជានេសាទបានយល់ដឹងកាន់តែច្បាស់ចៀសវាងការប្រព្រឹត្តិបទល្មើសក្នុងរដូវបិទនេសាទ។

តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តសៀមរាបបានឲ្យដឹងថា សកម្ម ភាពការងារជលផលគិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បង្ក្រាបបទល្មើសជលផលចំនួន៣៤ករណី ក្នុងនោះមាន៖ នេសាទនិងរក្សាទុកឧបករណ៍ អួនអូសទឹកសាបម ចំនួន២០ករណី ,អាំងវ៉ិចទ័រឆក់ត្រីចំនួនប្រាំពីរគ្រឿង , ឧបករណ៍ នេសាទបង្កើតថ្មី(ប)ចំនួនបួនករណី , ដាក់សម្រាស់ធ្វើឲ្យត្រី កុំចំនួនមួយករណី ,និងឧបករណ៍ស្បៃមុង ចំនួនពីរករណី ។ ជនល្មើសបានជាប់ពន្ធធនាគារចំនួនបួននាក់ និង មានដីកាឲ្យ ចូលខ្លួនពីតុលាការចំនួន១១នាក់ ។

វត្ថុតាងចាប់ឃាត់ អួនអូសទឹកសាបចំនួន២០គ្រឿង , អួនហ៊ុមចំនួន ប្រាំបីវង់, ម៉ាញ់ចំនួនបីវង់ .ឈិបយន្តចំនួនពីរគ្រឿង, អាំងវ៉ិចទ័រឆក់ ត្រីចំនួន១២គ្រឿង , កាណូតសរុបចំនួន៤៨ គ្រឿង(សម្បកស្មាច់ ចំនួន២៨គ្រឿងមានមាស៊ីន១១គ្រឿង និងសម្បកឈើ ចំនួន២០ គ្រឿងមានម៉ាស៊ីន៥គ្រឿង) , អាគុយ៤០អំពែរចំនួន១៣គ្រឿង , ខ្សែភ្លើង ឆក់ប្រវែង៧០ម៉ែត្រនិងដងឆក់ឬស្សីចំនួន១១គូរ ។

វត្ថុតាងែលបានបំផ្លាញចោលមាន៖. ឧបករណ៍ បង្កើតថ្មី(ប) ចំនួន ២១គ្រឿង . របាំងសាច់អួនប្រវែង៤.៥០០ម៉ែត្រ, ចម្រឹងចំនួន៣.៧៦០ ដើម. ស្បៃមុងចំនួន១៦គ្រឿង . របាំងស្បៃមុងប្រវែង៩៥០ម៉ែត្រ និង លែងត្រីចម្រុះ ៧៥គីឡូក្រាម ៕
ដោយ៖ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner