សហព័ន្ធកីឡាវាយកូនបាល់ យកព្រឹត្តិការណ៍រំលឹកខួបលោក ទេព ឃុនណា ស្វែងរកជើងខ្លាំងចេញទៅប្រកួតនៅវៀតណាម រកចំណាត់ថ្នាក់ក្នុងតារាងពិភពលោក
Story សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានរៀបចំការប្រកួតកីឡាវាយកូនបាល់រំលឹកខួប លោក ទេព ឃុណា ដែលជាអតីតកីឡាករវាយកូនបាល់លំដាប់លេខ១ ក្នុងទសវត្សរ៍ទី៦០ លើកទី២៧ នៅទីលានកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ។
លោក ជា ពៅ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រកួតកីឡារំលឹកខួបលើកទី២៧នេះ គឺលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធ រៀបចំឡើង ដើម្បីរំលឹក និងឧទ្ទិស ដល់លោកឳពុក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់ឆ្នើមរបស់កម្ពុជា ដែលបានទទួលមរណៈភាពប្រមាណជាង២០ឆ្នាំកន្លងទៅ ។ អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ការប្រកួតនេះ ដំណើរការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ នឹងបញ្ចប់នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយធ្វើការប្រកួតប្រជែងលើ២វិញ្ញាសា គឺប្រកួតឯកក្តជន និងវិញ្ញសាប្រកួតវាយគូរ។
អគ្គលេខាធិការរងខាងលើ បានគូសបញ្ជាក់ទៀតថា ការប្រកួតនេះ ក្រៅពីការរំលឹកខួប ក៏ជាការប្រកួតចំរាញ់កីឡាករជំរើសជាតិ ចំនួន២រូបទៅចូលរួមប្រកួតនៅប្រទេសវៀតណាមនៅចុងខែឧសភា ដើម្បីស្វែងរកចំណាត់ថ្នាក់ក្នុងរាងតារាងពិភពលោក។
គួររំលឹកថា ពានរង្វាន់ TEP KHUNNH MEMMORIAL CUP បានរៀបចំធ្វើឡើងជាង២០ឆ្នាំកន្លងមកហើយ ជាការរំលឹកឧទ្ទិសដល់ អតីតកីឡាករវាយកូនបាល់ល្បីឈ្មោះ លំដាប់លេខ១ របស់កម្ពុជាក្នុងទសវត្សរ៍ទី៦០ លោក ទេព ឃុនណា ត្រូវជាឳពុកបង្កើត លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់បច្ចុប្បន្ន៕អត្ថបទ៖ ជាវ ចន្ធូ