ប្រមុខការទូតអ៊ុយក្រែន និងអាល្លឺម៉ង់ពិភាក្សាគ្នាលើការផ្តល់ជំនួយសព្វាវុធធុនធ្ងន់
កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីទ្រី គូលេបា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ជាក់ថា លោកបានពិភាក្សាអំពីការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែនជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អាណាលីណា បៀបក។
លោក គូលេបា បានបង្ហោះសារនៅលើ Twitter បន្ទាប់ពីកិច្ចពិភាក្សាខាងលើនេះថា យើងត្រូវការអាវុធធុនធ្ងន់បន្ថែមទៀត ដែលត្រូវបានចែកចាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាពិសេស MLRS (ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់) ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះបន្តថា លោកក៏បានប្រាប់លោកស្រី បៀបក អំពីស្ថានភាពលំបាកក្នុងតំបន់ដុនបាស់ផងដែរ។ លោកថា ប្រធានបទផ្សេងទៀតនៃកិច្ចពិភាក្សាក៏រួមមានការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ព្រមទាំងបេក្ខភាពរបស់អ៊ុយក្រែក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU)។
គួរបញ្ជាក់ថា កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អាណាលីណា បៀបក បាននិយាយថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងកំពុងធ្វើការជាមួយសហគ្រាសអាល្លឺម៉ង់ ដើម្បីផ្តល់អាវុធទំនើបៗដល់អ៊ុយក្រែនបន្ថែមទៀត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា