សម្ដេចតជោ ហ៊ុន សែន ដាក់ចេញកិច្ចការងារ ៣សំខាន់ ដើម្បីដោះស្រាយបញ្ហាតំបន់ដីព្រៃលិចទឹក នៃបឹងទន្លេសាប
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេសជូនបងប្អូនប្រជាពលរដ្ឋ ស្ដីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញកិច្ចការងារ ៣សំខាន់ ដើម្បីដោះស្រាយបញ្ហាតំបន់ដីព្រៃលិចទឹក នៃបឹងទន្លេសាប ។
ក្នុងសារពិសេសនេះ សម្ដេចតេជោ បានដាក់បទបញ្ជាឱ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ បន្តពិនិត្យថែមទៀត ដែលការពិនិត្យនោះ គឺផ្អែកទៅលើគោលការណ៍ ៣សំខាន់ តែសម្ដេចបានបញ្ជាក់ជូនថា យើងយកគោលការណ៍ ២ មកធ្វើការថ្លឹងថ្លែង៖ ទី១-រវាងទន្លេសាប ដែលកើតពីការអភិរក្ស ឯទី២-ត្រូវគិតគូរពីកត្តាមួយចំនួនដែលទាក់ទងជាមួយនឹងកត្តាប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ ។
សម្ដេចបានបន្តថា ការងារនេះ តម្រូវឱ្យយើងធ្វើនូវកិច្ចការងារ ៣សំខាន់ ដោយកិច្ចការទី១ គឺពិនិត្យពិចារណាលើស្ថានភាពជាក់ស្ដែងនៃភូមិសាស្ត្រនីមួយៗក្នុងការកាត់ឆ្វៀលចេញពីតំបន់២ ឬតំបន់៣ សម្រាប់ទីតាំងដែលមានប្រជាជនរស់នៅជាក់ស្ដែង កើតជាភូមិករណ៍ ជាឃុំ ជាស្រុក មានវត្តអារាម ហើយភូមិករណ៍ខ្លះ គឺកើតមានតាំងពីយូរយារណាស់មកហើយ ។ សម្ដេចថា បញ្ហានេះត្រូវតែគិត ហើយដែលយើងមិនត្រូវងាប់ក្រឡា ទោះបីជាវានៅក្នុងតំបន់៣ ឬនៅក្នុងតំបន់ ២ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា តំបន់នេះ គឺជាតំបន់ដែលបានកើតមុនពេលដែលយើងកំណត់ក្របខណ្ឌតំបន់១, តំបន់២ និងតំបន់៣ ទៅទៀត ដើម្បីចៀសវាងការភាន់ច្រឡំណាមួយ ។ នេះជាចំណុចមួយដែលត្រូវជៀសវាង ហើយក៏ជាការទទួលខុសត្រូវរបស់អភិបាលខេត្ត អភិបាលស្រុក និងថ្នាក់ឃុំនៅទីនោះ ដើម្បីបញ្ជាក់អំពីអត្ដសញ្ញាណកម្មតំបន់ ដែលប្រជាជនរស់នៅទីនោះ និងអាស្រ័យផលនៅទីនោះ ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា កិច្ចការទី២ ដែលត្រូវធ្វើ គឺត្រូវធ្វើការកែសម្រួលព្រំប្រទល់ តំបន់២ និងតំបន់ ៣ ឡើងវិញ ដោយផ្អែកលើការជាក់ស្ដែង ជាពិសេសលើផ្ទៃដីដែលចាំបាច់ និងសំហេតុសំផលដែលតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាប នៅក្នុងស្ថានភាពនៃផ្ទៃបឹងដែលមានរួច និងមានការគោករាក់ ហើយប្រជាជន ធ្លាប់បង្កបង្កើនផល។
ក្នុងចំណុចនេះ យើងមិនងាប់ក្រឡាទេ ដោយសារតែកន្លែងខ្លះ គឺមានការគោករាក់ ប្រជាជនបានទៅធ្វើស្រែចម្ការនៅទីនោះយូរណាស់មកហើយ អញ្ចឹងទេ យើងមិនមានជាការលំបាកទេ យើងចុះហត្ថលេខាបាន យើងក៏អាចលុបវាបាន ដើម្បីកែសម្រួលព្រំប្រទល់ ដោយសូមឱ្យប្រជាជន កុំឱ្យកាត់បន្តតែប៉ុណ្ណឹង ប៉ុន្តែសម្រាប់ប្រជាជន ដែលបាននិងកំពុងអាស្រ័យផលនៅទីនោះ ហើយដែលមិនមែនជាពួកថៅកែ ដែលទៅធ្វើសកម្មភាពកន្លងទៅ ហើយយើងបានដកហូត គឺសម្រាប់ប្រជាជនដែលបានអាស្រ័យផលនៅទីនោះហើយដែលគ្មានកន្លែងដទៃទៀត គឺចាំបាច់ត្រូវតែធ្វើការកែសម្រួល ដោយកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងកែសម្រួលបង្គោលនៃការបោះដែលយើងអាចបំព្រួញបង្គោលចេញពីតំបន់ ៣ ហើយទម្លាក់តំបន់៣ ទៅជាតំបន់២ ឬកែសម្រួលតំបន់២ ឱ្យទៅជាតំបន់១តែម្ដង ។ ដូច្នេះគេការងារនេះ ឯកឧត្តម ជា សុផារ៉ា ត្រូវដឹកនាំជាមួយនឹងក្រសួងនានាដូចជា ក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាបណ្ដាខេត្តនៅទីនោះ ដើម្បីធ្វើការកែសម្រួលឡើងវិញជូនប្រជាពលរដ្ឋរបស់យើង ។
សម្ដេចបានបញ្ជាក់ថា ចំពោះបញ្ហាបង្គោលទៀតសោត យើងត្រូវប្រើប្រាស់បង្គោលឱ្យធំ មិនត្រូវប្រលើបង្គោលប៉ុនកជើង រួចយកទៅបោះក្នុងទន្លេសាប ដែលទៅវាមិនរួចទេ ព្រោះដើម្បីជៀសវាងកុំឱ្យបង្គោលចេះដើរ ហើយក៏ដើម្បីឱ្យប្រជាជនងាយចំណាំ ហើយយើងក៏ការពារបានសម្រាប់អភិរក្សបឹងទន្លេសាប ។ ដូច្នេះចំនុចនេះ សម្ដេចសូមឱ្យឯកឧត្តមជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តទាំងអស់ ត្រូវមានការទទួលខុសត្រូវទៅលើការគិតគូរចំពោះប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ប្រើប្រាស់តំបន់នោះជាដីបង្កបង្កើនផលរាប់សិបឆ្នាំមកហើយត្រូវរៀបចំកន្លែងផ្សេង យើងអនុញ្ញាតឱ្យពួកគាត់ទទួលផលបានសេចក្ដីថា ពួកគាត់ដកស្ទូង ពួកគាត់ទទួលផល រួចបានយើងចាប់ផ្ដើមប្រមូល ។
ឥឡូវនេះ គាត់បានប្រមូលផលហើយ យើងក៏ត្រូវរៀបចំឲ្យហើយកន្លែងណាដែលត្រូវប្រគល់ឱ្យគាត់ កន្លែងណាដែលត្រូវដកហូតទុកហើយត្រូវដាំដើមឈើឡើងវិញ ត្រូវបែងចែកឱ្យបានច្បាស់ កន្លែងណាដែលទន្ទ្រានថ្មី ដែលជាកម្មវត្ថុជាការដកហូត ហើយដាំដើមឈើឡើងវិញ ត្រូវទុកកន្លែងនោះជាកន្លែងដាំដើមឈើឡើងវិញ ប៉ុន្តែកន្លែងខ្លះ គាត់ធ្វើ ២០ឆ្នាំ ឬ ៣០ឆ្នាំ ហើយឬក៏ធ្វើតាំងពីក្រោយរំដោះ ឬរហូតមុនពេលរំដោះតាំងពីជំនាន់សម័យដើមនោះ ក៏យើងត្រូវរក្សាទុកឲ្យប្រជាពលរដ្ឋ ។
ដូច្នេះ យើងចាប់ផ្ដើមធ្វើបញ្ហានេះក្រោយការប្រមូលផលរបស់គាត់ ហើយត្រូវបញ្ជាក់អត្តសញ្ញាណកម្មសម្រាប់ការទទួលបាន បើកាត់ពីតំបន់២ ចូលមកតំបន់១ ត្រូវចេញកម្មសិទ្ធិឱ្យពួកគាត់កាលពីតំបន់៣ ចូលមកតំបន់២ ទុកឱ្យពួកគាត់ ទទួលផល ដូច្នេះត្រូវធ្វើបញ្ហានេះឱ្យបានច្បាស់ រវាងតំបន់២ និងតំបន់៣ ដែលត្រូវជាតំបន់ការពារ និងតំបន់អាស្រ័យផល ដូច្នេះវិធីមានតែមួយ គឺការកែតម្រូវព្រំប្រទល់សារជាថ្មី ដែលរៀបចំដោយយាមការឡើងវិញ ហើយសម្ដេចទទួលបន្ទុកចុះហត្ថលេខាលើអនុក្រឹត្យនេះ ។
ដូច្នេះឯកឧត្តម ជា សុផារ៉ា ត្រូវតែធ្វើការជាមួយក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប ដើម្បីកែសម្រួលលិខិតបទដ្ឋានទាក់ទងទៅនឹងយាមការ ហើយរៀបចំការបោះបង្គោលឡើងវិញ ពិនិត្យមើលផ្ទៃដីដែលកើតចេញពីតំបន់៣ ចូលមកតំបន់២ ហើយដែលប្រជាជនបានបង្កបង្កើនផលយូរមកហើយ គឺយើងផ្ដល់ឱ្យប្រជាពលរដ្ឋបានបង្កបង្កើតផលតទៅទៀត ប៉ុន្តែករណីដែលទើបតែរំលោភបំពានកាន់កាប់ថ្មីៗ គឺយើងមិនអនុញ្ញាតទេ ដូចជា តំបន់ជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញ ហើយក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ នៅពេលដែលទទួលបានដីធ្លីនៅកន្លែងដែលបង្កបង្កើនផលហើយ សូមមេត្តាកុំកាប់រានដីដែលនៅជិតខាងនេះតទៅទៀត ហើយកុំឱ្យអ្នកត្រូវពីក្រៅតំបន់នេះ ជាឈ្មួញ ឬជាអ្នកមានអំណាច ទៅឃុបឃិតជាមួយប្រជាពលរដ្ឋនៅតំបន់នោះ ហើយកាប់រានយកដីរាប់រយរាប់ពាន់ហិកតា ដែលយើងចាំបាច់ត្រូវតែធ្វើសកម្មភាពលើបញ្ហានេះ យើងប្រឆាំងដាច់ខាតជាមួយនឹងការប្រើប្រាស់សិទ្ធិអំណាចរបស់អ្នកមានអំណាច និងប្រើប្រាស់ទឹកលុយរបស់អ្នកមានប្រាក់ ដើម្បីទៅជ្រកក្រោមផ្លាករូបភាពប្រជាពលរដ្ឋ ហើយដណ្ដើមកាន់កាប់ទន្ទ្រានយកដីធ្លីដីព្រៃលិចទឹក ដើម្បីធ្វើជាផលប្រយោជន៍ផ្ទាល់របស់ពួកគេ ប៉ុន្តែយើងគាំទ្រយើងលើកទឹកចិត្ត និងផ្ដល់ការគាំពារចំពោះប្រជាពលរដ្ឋដែលរកស៊ីសុចរិត ហើយដែលបានប្រកបរបរបង្កើនផលលើផ្ទៃដីនេះ រយៈពេលយូរ ត្រូវប្រគល់ឱ្យគាត់បង្កបង្កើនផល ប៉ុន្តែដីធ្លីដែលទើបរុករាន ២ ឬ៣ឆ្នាំចុងក្រោយនេះ ត្រូវតែដកហូត ដើម្បីដាំដើមឈើឡើងវិញ ធ្វើជាព្រៃលិចទឹកដើម្បីរក្សាជាជម្រកត្រីពង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ចំពោះកិច្ចការទី៣ គឺសុំឲ្យអាជ្ញាធរបឹងទន្លេសាប សហការជាមួយក្រសួងធនធានទឹក ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាបណ្ដាខេត្តទាំង៦ ដើម្បីពិនិត្យមើលថា តើកន្លែងណាខ្លះ ដែលចាំបាច់ត្រូវបូមស្ដារ ព្រោះឥឡូវនេះ រៀងរាល់ឆ្នាំ ដីល្បាប់ហូរចូលទៅ ជាមួយនឹងការធ្លាក់ចុះ នៃស្លឹកឈើ ធ្វើឱ្យបឹងទន្លេសាបរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ គឺរាក់បន្តិចម្ដងៗ ដោយជាធម្មតា ខែវស្សា គឺទឹកតែងតែនាំដីល្បាប់ចាក់ចូលទៅក្នុងបឹងទន្លេសាប តែម្ខាងទៀតនៅក្នុងតំបន់បឹងទន្លេសាបរបស់យើង គឺមានព្រៃ ដូច្នេះស្លឹកឈើទាំងឡាយធ្លាក់ចូលមក ធ្វើឲ្យទន្លេសាបរបស់យើងកើនឡើងកាន់តែរាក់ទាក់ទៅៗ។
អញ្ចឹងកំដៅទឹកនៅក្នុងបឹងទន្លេសាបរបស់យើង មានការកើនឡើង ធ្វើឱ្យការអភិរក្សពូជត្រី កើតបញ្ហាដ៏លំបាកសម្រាប់យើង ។ សម្ដេចថា ដើម្បីធានាថា តើយើងរក្សាពូជត្រីបែបណានៅក្នុងបឹងទន្លេសាប ចាំបាច់ត្រូវកំណត់ទីតាំង ដើម្បីយើងរកទុនសម្រាប់ជួយទៅលើកាបូមស្ដារនៅក្នុងតំបន់នោះឱ្យមានជម្រៅទឹកជ្រៅ ដើម្បីធានាថា នៅក្នុងរដូវប្រាំង ត្រីអាចមានលទ្ធភាព ដើម្បីចូលទៅក្នុងតំបន់នោះ សម្រាប់ការរស់រៀនរបស់គេ និងជាជម្រករក្សាអភិរក្សពូជត្រីរបស់យើង អញ្ចឹងយើងមិនអាចប្រើក្នុងមួយពេលធ្វើអស់ ម៉ាបឹងទន្លេសាបទេ ប៉ុន្តែយើងត្រូវចាប់ផ្ដើមពីចំណុចខ្លះ មួយចំណុច ឬពីរចំណុច ទៅតាមលទ្ធភាពជាក់ស្ដែងនៃថវិកា ដែលយើងត្រូវធ្វើ ។
សម្ដេចតេជោ បញ្ជាក់ថា កិច្ចការនេះ គឺទាក់ទងជាមួយនឹងការអភិរក្សតំបន់ការពារពូជត្រីរបស់យើង គឺចាប់ផ្ដើមមុនគេ បន្ទាប់ទៅចាំយើងរកវិធានការទាំងឡាយ ដើម្បីបូមស្ដារជាមួយនឹងបឹងទន្លេសាបនេះឱ្យជ្រៅឡើងវិញ។ ចំណុចនេះគឺជាចំណុចដែលសុំឱ្យរៀបចំជាផែនការមេ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែម្ដង ដែលត្រូវដឹងថា តើតំបន់ដែលត្រូវអភិរក្សពូជត្រីនោះ គឺនៅកន្លែងណា ហើយចាំបាច់ត្រូវបូមក្នុងប៉ុន្មានម៉ែត្រគូប និងប៉ុន្មានខេត្ត ហើយលើកក្នុងគម្រោងដើម្បីដាក់ចូលទៅក្នុងថវិកាជាតិសម្រាប់កាបូមស្ដារ ដែលធ្វើឡើងដោយក្រសួងកសិកម្ម ឬត្រូវប្រគល់កិច្ចការងារនេះ ទៅឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីធ្វើកិច្ចការងារនេះ នៅក្នុងតំបន់ដែលអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់គ្រង។
សម្ដេចបានបន្តថា ពិតមែនហើយ យើងមានអាជ្ញាធរទន្លេសាប ដែលពិនិត្យមើលពីបញ្ហានេះ ជាមួយនឹងក្រសួងពាក់ព័ន្ធដទៃទៀត ដែលត្រូវធ្វើកិច្ចការងារនេះដោយប្រុងប្រយ័ត្ន ហើយការបូមបានអាចម៍ដីនេះ តើយកអាចម៍ដីនេះទៅណា? ហើយមិនស្រួលយកអាចម៍ដីនេះ ទៅចាក់នៅក្នុងទន្លេសាបដដែល គឺទន្លេសាប នឹងមានភ្នំផង មានទឹកផង នៅក្នុងទន្លេសាបតែម្ដង ឬក៏ប្រើប្រាស់ដីដែលបូមស្ដាបាន ទៅធ្វើជាជី ឬយ៉ាងណានោះ គឺត្រូវសិក្សាពីបញ្ហានេះឱ្យច្បាស់ ព្រោះដីបឹងទន្លេសាប ជាដីល្បាប់ដែលមានជីវជាតិ ដែលយើងអាចប្រើប្រាស់ពីការបូមស្ដារនេះ សម្រាប់យកមកធ្វើជាជី ឬក៏យើងអាចធ្វើការជាមួយវិស័យឯកជនដែលធ្វើការផលិតជី ដោយប្រើប្រាស់ការបូមយកអាចម៍ដីនៅក្នុងបឹងទន្លេសាប ដើម្បីធ្វើជាជម្រៅទឹក ប៉ុន្តែវិស័យឯកជន គឺយកដីល្បាប់ដែលយើងបានបូមចេញពីក្នុងទន្លេសាប យកមកកែច្នៃធ្វើជាជី សម្រាប់ផ្ដល់ជូនទៅដល់កសិករលក់ ហើយបើសិនជារដ្ឋធ្វើ រដ្ឋក៏គួរយកដីនេះ យកមកធ្វើការកែច្នៃធ្វើជាជី របៀបណានោះ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីដីដែលបូម មកធ្វើជាជីធម្មជាតិ សម្រាប់បង្កបង្កើនផលក្នុងវិស័យកសិកម្ម ៕ ដោយ វណ្ណលុក