មន្រ្តីជំនាញអប់រំកាយ៥៦នាក់ ទទួលបានការពង្រឹងចំណេះដឹងបន្ថែម ពីអង្គការក្រៅរដ្ឋាភិបាលបេះដឹងមាសស្តីអំពីមុខវិជ្ជាអប់រំកាយបែបថ្មី
អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបានអញ្ជើញមន្រ្តីជំនាញពាក់ព័ន្ធ និងវិស័យអប់រំកាយ និងកីឡាចំនួន៥៦នាក់ ក្នុងខណ្ឌទាំង៤ នៅរាជធានីភ្នំពេញ មកចូលរួមក្នុងសិក្ខាសាលាវាយតម្លៃថ្នាក់អប់រំកាយបែបថ្មី នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ។
លោក NISHIYAMA NAOKI ប្រធានអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានបញ្ជាក់ឲ្យដឹងថា សិក្ខាសាលារយៈពេល៣ថ្ងៃនេះ គឺធ្វើឡើងក្នុងគោលដៅពង្រឹងចំណេះដឹងបន្ថែម ស្តីអំពីការវាយតម្លៃផែនការប្រចាំឆ្នាំ ផែនការមេរៀន និងកិច្ចតែងការបង្រៀន ដែលក្នុងនោះផ្តោតសំខាន់លើការអនុវត្តមុខវិជ្ជាអប់រំកាយបែបថ្មី ដែលនឹងត្រូវអនុវត្តមួយសប្តាហ៍២ម្តងនៅតាមសាលារៀន ដើម្បីចែករំលែកផ្សព្វផ្សាយជូនដល់សិស្សានុសិស្ស ។
លោក ម៉ាន់ សិថា តំណាង នាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត បានលើកឡើងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនេះជារបទថ្មី នៃការអភិវឌ្ឍផ្នែកមុខវិជ្ជាអប់រំកាយ និងកីឡាបែបថ្មី ដែលរួមចំណែកជួយលើកកម្ពស់ធ្វើឲ្យវិស័យកីឡានៅកម្ពុជាកាន់តែរីកចំរើន។ លោក បានសំណូមពរឲ្យសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹង ពីវគ្គបណ្តុះបណ្តាលនេះ យកទៅអនុវត្តតាមសាលារៀនឲ្យមានប្រសិទ្ធិភាព ព្រោះមុខវិជ្ជាអប់រំកាយបែបថ្មីនេះ វាជួយដល់សុខភាព និងជួយតម្រង់ទិសឲ្យកុមារ និងយុវជនអាចចាប់យកកីឡាជំនាញធ្វើជាអាជីពសម្រាប់ពេលអនាគ។
សិក្ខាកាម មួន រ៉ានី គ្រូអប់រំកាយមកពីវិទ្យាល័យព្រែកលាភ បានបង្ហាញចំណាប់អារម្មណ៍ថា អប់រំកាយបែបថ្មី ពិតជាខុសប្លែកពីអប់រំកាយបែបចាស់ពុំមានផែនការសម្រាប់បង្រៀនច្បាស់លាស់ដល់សិស្សនោះទេ ។ ប៉ុន្តែអប់រំកាយបែបថ្មី មានផែនការបង្រៀនច្បាស់លាស់ ដូចជាផែនការប្រចាំឆ្នាំ ផែនការលម្អិត ក្នុងកិច្ចតែងការបង្រៀនដែលមាន៥ជំហ៊ានដូចជាមុខវិជ្ជាផ្សេងដ៏ទៃទៀតដែរ។ អ្នកគ្រូ អះអាងថា ចាប់តាំងពីទទួលចំណេះពីសិក្ខាសាលាលើកទី១ យកទៅអនុវត្ត ក្នុងការបង្រៀនដល់សិស្សមើលឃើញថា សិស្សចូលរួមដោយទឹកចិត្តសប្បាឮយរីករាយ។
សូមបញ្ជាក់ថា សិក្ខាសាលាវាយតម្លៃថ្នាក់អប់រំកាយបែបថ្មី មានសិក្ខាកាមចូលរួមចំនួន៥៦នាក់ មកពីខណ្ឌចំនួន៤ គឺ ខណ្ឌ៧មករា ខណ្ឌជ្រោយចង្វារ ខណ្ឌបឹងកេងកង ខណ្ឌដូនពេញ ក្នុងនោះ មានប្រធាន អនុប្រធានការិយាអប់រំកាយ និងកីឡា នៃរដ្ឋបាលខណ្ឌ និងគណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន៕អត្ថបទ៖ ជាវ ចន្ធូ