លោក Tony Anh ប្រធាន World Fight ៖ វត្តមានកម្មវិធីប្រដាល់ World Fight នឹងជម្រុញឱ្យវិស័យកីឡាកម្ពុជាឈានដល់កម្រិតអន្តរជាតិ
(ភ្នំពេញ)៖ លោក Tony Anh ប្រធាន World Fight និងជាអ្នកបង្កើតព្រឹត្តិការណ៍លំដាប់អន្ដរជាតិនេះ បានប្រកាសរៀបចំព្រឹត្តិការណ៍កីឡាប្រដាល់ World Fight Tournaments លើកដំបូងនៅកម្ពុជា ដោយនឹងរៀបចំចំនួន ១១កម្មវិធីប្រគួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីដើមខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ហើយគ្រោងរៀបចំរៀងរាល់ថ្ងៃពុធ ក្នុង ១ខែចំនួន ២ដង ដែលសម្រិតសម្រាំងសុទ្ធតែកីឡាករ-កីឡាការិនីជើងខ្លាំងមកធ្វើការប្រកួត ដែលនិងជួយជំរុញកីឡាករកម្ពុជាឲ្យឈានដល់កម្រិតអន្តរជាតិ និងបានប្រកួតជាមួយកីឡាករបរទេសផ្សេងៗជុំវិញពិភពលោក។
ការថ្លែងបែបនេះធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែឧសភានេះ លោក Tony Anh បានបញ្ជាក់ថា ការប្រកួតនេះ ទទួលបានការគាំទ្រពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ចំពោះកម្មវិធី World Fight Tournaments 2022 នៅកម្ពុជា គឺគ្រោងរៀបចំការប្រកួតលើកទី១ នាថ្ងៃទី០៦ ខែកក្កដាខាងមុខ ហើយក៏មានជំនួបពិសេសរវាងជើងខ្លាំងថៃ Buakaw Banchamek និងជើងខ្លាំងប៉េឡារុស កីឡាករ Varats Dzmitry ផងដែរ។
លោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងក្រុមហ៊ុន PTT Cambodia ដែលចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ បានសម្ដែងនូវសេចក្ដីរីករាយ ដែលបានរួមចំណែករៀបចំព្រឹត្តិការណ៍លំដាប់អន្ដរជាតិខាងលើ ដើម្បីលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរផង និងវិស័យទេសចរណ៍ផងដែរ។
នៅក្នុងពិធីនេះក៏មានស្ថាប័នបរវកញ្ញា Miss Wisdom world Cambodia និងបវរកញ្ញា Miss Model of the World (Thailand) ចូលរួមគាំទ្រកម្មវិធីដែរ ជាមួយគ្នានោះក៏មានកំពូលកីឡាប្រដាល់ក្រុមជម្រើសជាតិបានមេដៃមាសស៊ីហ្គេម គឺអេវីរៈ ខាំឈីតភូថង ឬម៉ឺន មេឃា និងអេអាំម៉ារីន ភូថង បានមកចូលរួមគាំទ្រកិច្ចការបរិស្ថានរបស់ PTT- World Fight ក្នុងគំនិត ពិភពលោកប្រយុទ្ធនឹងកាកសំណល់សូន្យ (World Fight Zero Waste ( Net Zero)គាំទ្រការកាត់បន្ថយកាបូនឌីអុកស៊ីត កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយគោលបំណងអោយគ្រប់គ្នាយល់ដឹងការ ប្រើប្រាស់ថាមពលនិងធនធានធម្មជាតិសន្សំសម្ចៃនិងមានតម្លៃ គ្រប់គ្នានឹងយល់ពីបញ្ហាកំដៅពិភពលោក ជួយសន្សំសម្ចៃថាមពលដែលមាននៅលើពិភពលោក ស្គាល់ពីផលប៉ះពាល់ដែលអាចអោយកំដៅពិភពលោកកើនឡើង៕ ង៉ាន ទិត្យ