កម្ពុជា រួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត នឹងខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មថែមទៀត ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៊ី និងពិភពលោក

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី២៧ ស្តីពីអនាគតរបស់អាស៊ី ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ តាមរយៈប្រព័ន្ធវីដេអូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២, កម្ពុជា រួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត នឹងខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មឡើងទៀត ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៊ី និងពិភពលោក ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា យើងនឹងបន្តពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ដើម្បីធានាឱ្យបាននូវភាពធន់ និងភាពរឹងមាំរបស់អាស៊ាន ក្នុងការប្រឆាំងនឹងសម្ពាធ និងឥទ្ធិពល ដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងក្លាឡើងៗ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត ។ ទន្ទឹមនេះ, យើងនឹងបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គំនិតផ្ដួចផ្ដើម និងវិធានការនានា ដែលត្រូវបានដាក់ចេញ ក៏ដូចជាការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ជាមួយគ្នានឹងការបង្កើនការតភ្ជាប់, ទាំងផ្នែករូបវ័ន្ត និងផ្នែកឌីជីថល ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថមថា យើងនឹងបន្តខិតខំពង្រឹងសមត្ថភាពនៃសហគ្រាសមីក្រូ, តូច និងមធ្យម ព្រមទាំងលើកកម្ពស់សហគ្រិនភាពក្នុងចំណោមស្រ្តី និងយុវជន ក៏ដូចជាពង្រឹងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការ និងបញ្ហាប្រឈមនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី ៤ សំដៅពន្លឿនការស្ដារឡើងវិញនូវសង្គម-សេដ្ឋកិច្ចរបស់យើង ក្រោយពីវិបត្តិកូវីដ-១៩ ឱ្យបានប្រកបដោយចីរភាព និងបរិយាបន្ន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner