មន្រ្តីនគរបាលជាតិកម្ពុជា ៤៤នាក់ បានបញ្ចប់ការសិក្សាជំនាញជាន់ខ្ពស់ និងថ្នាក់មធ្យម ជំនាញ ស៊ើបការណ៍ខាងក្រៅ និងថ្នាក់មធ្យមជំនាញសន្តិសុខ នៅសាលាជាន់ខ្ពស់សន្តិសុខប្រជាជន១ នៃប្រទេសវៀតណាម

ភ្នំពេញ ៖ នៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីបូកសរុបលទ្ធផលកម្មសិក្សាបញ្ចប់វគ្គនិងប្រគល់សញ្ញាបត្រ ជូនមន្រ្តីនគរបាលជាតិកម្ពុជាចំនួន៤៤នាក់ ក្នុងនោះមានស្រី២នាក់ ដែលសិក្ខាកាមនគរបាលជាតិទាំងនេះទើបបានបញ្ចប់ការសិក្សារៀនសូត្រវគ្គបណ្តុះបណ្តាលជំនាញជាន់ខ្ពស់ និងថ្នាក់មធ្យមជំនាញ ស៊ើបការណ៍ខាងក្រៅ និងវគ្គថ្នាក់មធ្យមជំនាញសន្តិសុខ នៅសាលាជាន់ខ្ពស់សន្តិសុខ ប្រជាជន១នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក ចឹង វ៉ាន់ទាន់ នាយកសាលាជាន់ខ្ពស់សន្តិសុខ ប្រជាជន១ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានស្វាគមន៍ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះប្រតិភូដឹកនាំដោយនាយកសាលាជាន់ខ្ពស់សន្តិសុខ ប្រជាជន១ ដែលជាតំណាងនៃក្រសួងនគរបាលវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំបញ្ចប់វគ្គសិក្សា និងប្រគល់សញ្ញាបត្រជូនសិក្ខាកាមនគរបាលជាតិកម្ពុជា៤៤នាក់ ដែលបានបញ្ចប់វគ្គសិក្សាបណ្តុះបណ្តាលជំនាញ ជាន់ខ្ពស់ និងថ្នាក់មធ្យម ជំនាញស៊ើបការណ៍ខាងក្រៅ និងវគ្គបណ្តុះបណ្តាលថ្នាក់មធ្យមជំនាញសន្តិសុខ ប្រកបដោយជោគជ័យ នាពេលនេះ ហើយក៏បានវាយតម្លៃខ្ពស់និងចូលរួមអបអរសាទរជាមួយសិក្ខាកាមនគរបាលជាតិកម្ពុជាទាំង៤៤រូបដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួលបានចំណេះជំនាញពិតប្រាកពីសាលាជាន់ខ្ពស់សន្តិសុខប្រជាជន១ នៃប្រទេសវៀតណាម ដើម្បីយកចំណេះជំនាញទាំងនេះមកបម្រើការងារជូនប្រទេសជាតិ។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា៖សិក្ខាកាមមន្រ្តីនគរបាលទើបតែបញ្ចប់ការសិក្សា ដើម្បីជាការលើកទឹកចិត្ត អង្គភាពនិងរៀបចំគោលការណ៍ស្នើសំទៅថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ ដើម្បីធ្វើការតម្លើងឋានន្តរសក្តិមួយថ្នាក់ ចំណែកសិក្ខាកាមដែលបានរៀនសូត្រទទួលបានលទ្ធផលនិន្ទេសល្អ អង្គភាពពិចារណាស្នើសុំតែងតាំងមុខតំណែង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានសំណូមពរស្នើសុំតាមរយៈលោកនាយកសាលាជាន់ខ្ពស់សន្តិសុខប្រជាជន១ វៀតណាម សូមឱ្យមានការបណ្តុះបណ្តាលវគ្គជំនាញខាងលើជូនដល់មន្រ្តីនគរបាលរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ ដើម្បីមន្រ្តីនគរបាលរាជធានីភ្នំពេញ ទទួលបានចំណេះដឹងលើការងារជំនាញទាំងនេះឱ្យមានសមត្ថភាពខ្ពស់។

លោកវរសេនីយ៍ឯក ចឹង វ៉ាន់ទាន់ នាយកសាលាជាន់ខ្ពស់សន្តិសុខ ប្រជាជន១ ក៏បានមានប្រសាសន៍លើកឡើងថា៖ការបណ្តុះបណ្តាលសិក្ខាកាមនគរបាលជាតិកម្ពុជា គឺសាលាជាន់ខ្ពស់សន្តិសុខប្រជាជន១ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមអនុវត្តទៅតាមផែនការកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ក្នុងនោះសិក្ខាកាមនគរបាលជាតិម្ពុជា៤៤នាក់ ត្រូវបានបណ្តុះបណ្តាលវគ្គជំនាញជាន់ខ្ពស់ និងថ្នាក់មធ្យម ស៊ើបការណ៍ខាងក្រៅ និងថ្នាក់មធ្យមជំនាញសន្តិសុខ ដែលសិក្ខារៀនសូត្រមានចំនួន២វគ្គ គឺថ្នាក់ជាន់ខ្ពស់រយៈពេល៤ឆ្នាំ ចំណែកថ្នាក់មធ្យមរយៈពេល២ឆ្នាំ។

លោកវរសេនីយ៍ឯក ចឹង វ៉ាន់ទាន់ ក៏បានលើកឡើងទៀតថា៖នៅក្នុងអំឡុងការសិក្សារៀនសូត្រនៅក្នុងសាលាពីសំណាក់សិក្ខាកាមនគរបាលជាតិកម្ពុជា គឺសាលាបានយកចិត្តទុកដាក់ជាទីបំផុត ដោយមានការរៀបចំការបង្រៀនដោយគ្រូមានបទពិសោធន៍ មុខវិជ្ជាជំនាញត្រឹមត្រូវតាមកម្មវិធីសិក្សា គួបផ្សំការអញ្ជើញពីអង្គភាពពាក់ព័ន្ធមកចូលរួមធ្វើបាឋកថា អនុវត្តដោយផ្ទាល់ ដើម្បីឱ្យសិក្ខាកាម ទទួលបានចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែង លើការងារជំនាញ និងការបង្ការបង្រ្កាបបទល្មើស។

លោកវរសេនីយ៍ឯក ចឹង វ៉ាន់ទាន់ នាយកសាលាជាន់ខ្ពស់សន្តិសុខ ប្រជាជន១ ក៏បានលើកឡើងឆ្លើយតបទៅនឹងសំណូមពរ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្នើសុំការបណ្តុះបណ្តាលលផ្នែកជំនាញខាងលើ គឺសាលាគ្រោងនឹងចាត់បញ្ជូនគ្រូបង្គោលមកបង្ហាត់បង្រៀននៅទីនេះ បើសិនមានការឯកភាពពីក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner