សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំខំប្រឹងទប់ទឹកភ្នែកពេលបងប្រុសទី១ លើកដៃចង្អុលទៅរករូបថតរម្លឹកពីបងប្អូន
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថត ជាមួយនឹងសំណេរថា នៅល្ងាចនេះ សម្ដេចបាន ទៅ សួរសុខទុក្ខបងទី១ ដែលទើបវិលត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ ក្រោយការវះកាត់។ សម្ដេចបន្ថែមថា ទោះបីសុខភាព បងប្រុសទី១ ប្រសើរជាងមុនក្តីតែសម្ដេចនៅតែមិនទាន់ហ៊ាន ប្រាប់ គាត់ពីមរណភាពបងប្រុសទី២ សម្ដេចទេពញាណ ហ៊ុន ណេង នៅឡើយ។
សម្ដេចតេជោ បានសរសេរក្នុងបណ្ដាញសង្គមដោយបន្តថា៖ ២ថ្ងៃមុននេះ ជាខួបលើកទី៩ឆ្នាំ នៃមរណភាពភរិយារបស់ គាត់ ដែលត្រូវជាបង ថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំជម្រាបគាត់ពីរឿង មរណភាព បងទី២ទៀត ប្រហែលគាត់ពិបាកទទួលយក។ ខ្ញុំក៏ ទទួលរង នូវការ វាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ដែរ នៅ ពេលដែល បងប្រុសខ្ញុំ លើកដៃចង្អុលទៅរករូបថតដែល បងប្អូន ខ្ញុំទាំងប្រាំមួយ នាក់ ថត ជាមួយឪពុកខ្ញុំ ហើយនិយាយថា បងប្អូន យើងមានប្រាំមួយនាក់ ប្រុសបីនាក់ ស្រីបីនាក់ ។ប្រុស បីនាក់ដំបូង ទើបមានស្រីបីនាក់ជា ក្រោយ ដោយពុំមានឆ្លាស់គ្នាស្រី និងប្រុស នោះទេ តែគាត់ពុំបាន ដឹងថា ពេលនេះ នៅសល់តែប្រាំ នាក់ នោះឡើយ។
ត្រង់ចំណុចនេះ សម្ដេចតេជោ សរសេរថា ទឹកភ្នែកសម្ដេច ស្ទើរតែ ហូរចេញមក ហើយបែរមុខទៅម្ខាង និងងាកមកវិញ បបួលបង ប្រុសទី១ ដូរនាឡិកាដៃ ដើម្បីបញ្ចប់នូវរឿងសោកសៅ នេះ។
សម្ដេចបានបន្ថែមថា៖ ទ្រាំរក្សាទុកដំណឹងនេះមិន ឱ្យគាត់ដឹង មួយ រយៈសិន ដើម្បីសុខភាពគាត់។ សង្ឃឹមថា បងទី១ និងវិញ្ញាណក្ខន្ធ បងទី២ នឹងយល់ពីការលំបាករបស់ខ្ញុំនៅពេលនេះ។
គួររំលឹកដែរថា បងប្រុសទី២ របស់សម្ដេចតេជោ គឺសម្ដេចទេព ញាណ ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ។
បងប្អូនរបស់សម្ដេចតេជោ ហ៊ុន សែន មានចំនួនប្រាំមួយនាក់ ដែលមានទី១ លោក ហ៊ុន សាន, ទី២ សម្ដេចទេពញាណ ហ៊ុន ណេង, ទី៣ សម្ដេចតេជោ ហ៊ុន សែន, ទី៤ លោកស្រី ហ៊ុន សេងនី, ទី៥ លោកស្រី ហ៊ុន ស៊ីណាត និងប្អូនស្រីពៅ លោកស្រី ហ៊ុន ប៊ុនធឿន៕ ដោយ ៖វណ្ណលុក