ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ានឹងលើកយកចំណុចសំខាន់ៗចំនួនប្រាំ សម្រាប់ដំណើរទស្សនកិច្ចលើកទីពីរទៅកាន់មីយ៉ាន់ម៉ា
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមតែងតែគិតពីចំណុចសំខាន់ៗចំនួនប្រាំ៖ ១) ការបញ្ឈប់អំពើហិង្សា ២)ការចូលរួមប្រាស្រ័យទាក់ទងគ្នាក្នុងន័យស្ថាបនា ៣) យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ៤) ជំនួយមនុស្សធម៌ និងជាពិសេសចុងក្រោយ ៥) សុទិដ្ឋិនិយម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន “៥ខែហើយ គិតចាប់តាំងពីការជូនព័ត៌មានលើកដំបូងរបស់ខ្ញុំដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ា កាលពីខែមករា ដើមឆ្នាំនេះ។ ខ្ញុំបានចូលរួមជូនព័ត៌មានជាលើកទីពីរនៅយប់នេះ។ ជាក់ស្តែង ប្រទេសមីយ៉ាន់ម៉ានៅតែបន្តប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន ដូចជាវិបត្តិនយោបាយ និងសេដ្ឋកិច្ច ជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ យ៉ាងណាក្តី មិនមែនមានន័យថា អស់សង្ឃឹមនោះទេ ដរាបណាយើងទាំងអស់ រួមទាំងអាស៊ាននិងសហគមន៍អន្តរជាតិ បន្តប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ាប្រកបដោយការស្ថាបនា ផ្ទុយពីនយោបាយឯកោនិយម”។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានបញ្ជាក់ថា កម្ពុជាទទួលស្គាល់ថា វិបត្តិមីយ៉ាន់ម៉ាគឺមានលក្ខណៈចាក់ស្រែះជ្រៅ។ ស្របពេលដែលយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងនាមជាប្រធានអាស៊ាន យើងនៅតែសង្ឃឹមថាកិច្ចប្រឹងប្រែងនោះនឹងចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ាទាំងមូល។ ខណៈពេលដែលឯកឧត្តមទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមតែងតែគិតពីចំណុចសំខាន់ៗចំនួនប្រាំ៖ ១) ការបញ្ឈប់អំពើហិង្សា ២)ការចូលរួមប្រាស្រ័យទាក់ទងគ្នាក្នុងន័យស្ថាបនា ៣)យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ៤)ជំនួយមនុស្សធម៌ និងជាពិសេសចុងក្រោយ ៥)សុទិដ្ឋិនិយម។
សូមជម្រាបថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ អញ្ជើញអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្ដម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងមន្រ្ដីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទំាងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន និង AHA Centre ផងដែរ។
ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់ ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ ដំណើរទស្សនកិច្ចនេះ ផ្អែកលើឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ លទ្ធផលនៃកិច្ចពិភាក្សារវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង និងលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននាពេលថ្មីៗនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស