ឯកឧត្តម រ័ត្ន ស្រ៊ាង៖ គណបក្សប្រជាជនតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះត្រូវជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា 

ភ្នំពេញ៖ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស បានមានប្រសាសន៍បញ្ជាក់ថាជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ដូច្នេះយើងត្រូវជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា ដើម្បីបន្តថែរក្សា សន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិនិងប្រជាជន និងរួមគ្នាកសាងអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ។ 

ការបញ្ជាក់របស់ឯកឧត្តម រ័ត្ន ស្រ៊ាង ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តមបានបញ្ជាក់ទៀតថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ រហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ហើយសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសសម្តេច មានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ បានសង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ ខណៈដែលប្រទេសដ៏ទៃ ទូទាំងពិភពលោក កំពុងឆ្លងរីករាលដាលនិងស្លាប់ពលរដ្ឋខ្លួន រាប់រយពាន់ម៉ឺននាក់នៅឡើយ។

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង៕ 

ដោយ៖ពលជ័យ

រូបភាព៖ក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស

ads banner