ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ដចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯមខេត្តកណ្ដាល

កណ្តាល ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល ទទួលបន្ទុកស្រុកខ្សាច់កណ្ដាលស្រុកល្វាឯម និងស្រុកកៀនស្វាយ បានបន្ដចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ប្រមាណជាង ៥០០នាក់។

ក្នុងឱកាសជួបសំណេះសំណាលនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើសយក គណបក្សដែលមានគោលនយោបាយ ស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខសប្បាយ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលេីកឡេីងថា គណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង ៣០ឆ្នាំកន្លងមក ក្នុងពេលនេះប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធមុនីរ័ត្ន បានបន្ដថា ប្រជាពលរដ្ឋគ្រប់រូបមានឈ្មោះបោះឆ្នោត គឺមានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវមានន័យថា បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់ សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង ៣០ឆ្នាំកន្លងមក។

ក្នុងឱកាសជួបសំណេះសំណាលនេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានដកស្រង់ និងគាំទ្រសារពិសេសស្តីពីការគ្រប់គ្រងដីបឹងទន្លេសាបនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ របស់សម្ដេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបានសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី ១០ឆ្នាំឡើងទៅ ឬអាចក្រោម ១០ឆ្នាំ ចំពោះដីមិនមែនជាដីព្រៃលិចទឹក ហើយគោករាក់មិនអាចស្តាបាន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់ប្រធានក្រុមការងាទាំងអស់ ត្រូវបន្តណែនាំដល់បេក្ខជន និងសកម្មជនគណបក្សទាំងអស់បន្តខិតខំផ្សព្វផ្សាយ កម្មវិធីនយោបាយរបស់បក្ស និងកម្មវិធីអភិវឌ្ឍន៍ឃុំ ២០២២-២០២៧ តាមមូលដ្ឋានឃុំ និងស្រុកទូទាំងខេត្ត ឱ្យបានយល់ជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ពិសេសសមាជិកក្នុងមូលដ្ឋានរបស់ខ្លួន ដោយចិត្តទុកដាក់អនុវត្តផែនការណែនាំ និងផែនការសកម្មភាពការងារ ដែលបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លងមក ដោយមិនត្រូវមានភាពស្កប់ស្កល់ ហើយភ្លេចខ្លួនខ្វះការប្រុងប្រយ័ត្នឡើយ។

ទន្ទឹមនេះ គ្រប់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គ.ជ.ប ដើម្បីធ្វើឱ្យបរិយាកាសនៃការឃោសនាបោះឆ្នោតជាទូទៅនៅក្នុងមូលដ្ឋានស្រុក ប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមកំហែង។ ជាមួយនេះ ត្រូវយកចិត្តទុកដាក់ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់នៅថ្ងៃបោះឆ្នោត សំដៅធ្វើយ៉ាងឱ្យសមាជិកសមាជិកាគណបក្សទាំងអស់អាចចូលរួមការបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ពោលគឺដើម្បីធានាថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានផ្តល់ការណែនាំដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តក្តាប់សតិអារម្មណ៍ និង ក្តីកង្វល់របស់ប្រជាជននៅមូលដ្ឋាន ហើយខិតខំដោះស្រាយកង្វល់ និងចំណុចខ្វះខាតទាំងនោះឱ្យចំបញ្ហា ដោយយុត្តិធម៌ តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវប្រងើយកន្តើយឡើយ ហើយត្រូវស្តាប់សំណូមពរ និងស្គាល់តម្រូវការរបស់ប្រជាជនជាក់ស្តែងនៅមូលដ្ឋាន រួចខិតខំដោះស្រាយជូនពួកគាត់។ ទន្ទឹមនេះ មន្រ្តីបក្សមូលដ្ឋានថ្នាក់ស្រុក ថ្នាក់ឃុំភូមិ និងមន្រ្តីគណៈពង្រឹងគ្រប់លំដាប់ត្រូវរួមជាអង្គតែមួយ ហើយត្រូវបន្តរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងចេះធ្វើការក្នុងស្មារតីជាក្រុម។

ឯកឧត្តម បានណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបានផ្តាំផ្ញើសូមឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចំពោះក្រុមជនទាំងឡាយណា ដែលមានបំណងចង់បង្កចលាចលដល់ការបោះឆ្នោត និងបំផ្លាញការបោះឆ្នោត ៕ ប្រភព ៖ ខេត្តកណ្តាល

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner