អ្នកវិភាគចៅចាក់ស្មុក៖ ចរិតក្បត់ជាតិ ការញុះញង់រើសអើងនិងការធ្វើនយោបាយបែបបោកប្រាស់ពលរដ្ឋនៅតែស្ថិតក្នុងចិត្ត និងជាយុទ្ធសាស្ត្ររបស់ក្រុមប្រឆាំងជ្រុលនិយម 

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរត្រូវការថែរក្សាសាមគ្គីភាព បង្រួមបង្រួមជាតិ ក្នុងស្មារតីខ្មែរតែមួយ មិនត្រូវការការញុះញង់ បំបែកបំបាក់សាមគ្គីជាតិខ្មែរ និងស្អប់ខ្ពើមជាតិសាសន៍ និងប្រកាន់និន្នាការ នយោបាយឡើយ។ ចរិតនយោបាយញុះញង់ រើសអើងស្អប់ខ្ពើមជាតិសាសន៍ខ្លួនឯង និងបង្ហាញពីការបែកបាក់សង្គមនេះធ្លាប់បានកើតឡើងខ្លាំងនៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ ២០១៧ ពេលដែលគណបក្សសង្គ្រោះជាតិដែលកើតចេញពីបរទេសរៀបចំឱ្យមានការរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី (គណបក្សភ្លើងទៀនបច្ចុប្បន្ន) និងគណបក្សសិទ្ធិមនុស្សរួមគ្នា ក្រោយមកក្លាយជាអង្គការចាត់តាំងនយោបាយ និងជាប្រតិបត្តិករបដិវត្តន៍ពណ៌ នៅមានជីវិតនៅឡើយ។ ចរិតហិង្សានិយមនិងការធ្វើនយោបាយហែកបំបែកប្រជាជន និងប្រទេសជាតិ ញុះញង់ឱ្យមានការរើសអើងនិងការស្អប់ខ្ពើម ប្រកាន់ជាតិសាសន៍ និន្នាការនយោបាយនេះគឺជាផ្លែផ្កានៃការសាបព្រោះការធ្វើនយោបាយបែបគំនុំសងសឹកប្រជាភិថុតិ និងការធ្វើប្រជោនិយម បំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងរបស់ទណ្ឌិត សម រង្ស៊ី ដែលជាកូនជនក្បត់ជាតិ សម សារី ដែលនិរាសព្រាត់ប្រាស រត់ចោលស្រុកដោយសារតែអនុវត្តផែនការក្បត់ជាតិខ្លួន និងអ្នកនយោបាយចិត្តជាទេវទ័តមាត់ជាទេវតាដែលថាជាអ្នកនយោបាយអហិង្សានិយម មិនយកខ្មែរណាធ្វើជាសត្រូវតែបង្កប់ដោយភាពពិសពុល អនាចារ និងឱកាសនិយម។ ចរិតនយោបាយហិង្សានិងគំនុំគំគួននេះបានស្ងប់ស្ងាត់រយៈពេលជាង ៤ ឆ្នាំមកនេះពោលគឺក្រោយពីអង្គការចាត់តាំងនយោ បាយនិងប្រតិបត្តិករបដិវត្តន៍ពណ៌បក្សសង្គ្រោះជាតិនិងមេក្លោងបដិវត្តន៍ពណ៌ត្រូវបានចាប់ខ្លួននិងរំលាយយោងតាមច្បាប់ជាធរមាន។ ពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត និងគ្មានព្រួយបារម្ភពីសុខសុវត្ថិភាព និងការធ្វើនយោបាយញុះញង់ គំនុំគុំគួន នោះឡើយ រើសអើងប្រកាន់ពូជសាសន៍ និងការប្រើវោហារសាស្ត្រស្អប់ខ្ពើម និងបំបែកបំបាក់ជាតិឡើយ។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែមកនេះ ចរិតក្បត់ជាតិ ការញុះញង់រើសអើងស្អប់ខ្ពើមជាតិសាសន៍ និងរើសអើងនិន្នាការនយោ បាយសម្តីហិង្សានិយម រួមនឹងការធ្វើនយោបាយបែបបោក ប្រាស់ប្រជាពលរដ្ឋ បានងើបឡើងមកវិញក្នុងក្រុមប្រឆាំងជាពិសេសសកម្មជននៃគណបក្សភ្លើងទៀន ដែលគេជឿថាទណ្ឌិត សម រង្ស៊ី និងក្រុមអ្នកទោសក្បត់ជាតិ មូរ សុខហួរ អេង ឆៃអ៊ាង ហូរ វ៉ាន់ជាដើមបន្តស្ថិតបញ្ជាពីក្រោយខ្នង ក្បត់អតីត សម្ព័ន្ធមិត្តរបស់ខ្លួន ឆ្លៀតឱកាសយកបក្សភ្លើងទៀនមកបង្កើតបន្ទាយនយោបាយថ្មីដណ្តើមកម្លាំងអតីតខ្មោចបក្សសង្គ្រោះជាតិពី កឹម សុខា ដែលកំពុងជាប់ក្តីក្តាំក្នុងសំណុំរឿងឃុបឃិតជាមួយបរទេសក្បត់ជាតិខ្មែរខ្លួនឯង។ ទាំងនៅក្នុងការ ឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពផ្សេងៗ ពួកគេតែងតែប្រើប្រាសនូវការគំរាមកំហែងធ្វើបាតុកម្ម ប្រសិនបើពួកគេចាញ់ការបោះឆ្នោត និងការប្រើប្រាស់កម្លាំងប្រជាពលរដ្ឋដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌។ មិនតែប៉ុណ្ណោះ សារនយោបាយឃោសនារបស់ពួកគេពោរពេញដោយការ ស្រមើស្រម៉ៃ និងបោកប្រាស់ដោយប្រើប្រាស់«ការសន្យាផ្តល់លុយ»ជាធ្នាក់ទាក់ចិត្តពលរដ្ឋមួយចំនួនដែលមិនបានពិចារណាច្បាស់លាស់។នេះមិនគិតពីការសន្យាខ្យល់ផ្សេងទៀតសម្រាប់សមាជិករបស់ខ្លួនលើការផ្តល់តំណែងតួនាទីខ្យល់ផងទេដើម្បីជានុយ និងដុតកំហឹងនិងជំរុញទឹកចិត្តឱ្យដើរតាមបក្ខ ពួកខ្លួន។ លើសពីនេះទៀត ចរិតក្បត់ជាតិដែលធ្វើនយោ បាយបំផ្លាញជាតិខ្លួនឯង និងការស្វែងរកអន្តរាគមន៍ និងប្រើប្រាស់ឥទ្ធិពលបរទេស មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងអធិបតេយ្យជាតិខ្មែរ ពួកគេនៅតែប្រកាន់យកយ៉ាងសកម្មបំផុត ហើយក្នុងនោះរួមទាំងការប្រើប្រាស់ធ្វើនយោបាយអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា ដែលជានយោបាយវាយបំបែកឆ្នាំងបាយប្រជាពលរដ្ឋថែមទៀតផង។

នេះគឺជាចរិតនៃហិង្សានិយមដែលក្រុមប្រឆាំងជ្រុលនិយមបាននិងកំពុងប្រើប្រាស់ដែលជាចរិតនយោបាយដ៏គ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា។ កម្ពុជាដែលទើបតែបានបញ្ចប់ទៅវិញនូវភ្នក់ភ្លើងសង្គ្រាម នាំយកសុខសន្តិភាពមកវិញបានជាង ២០ ឆ្នាំមកនេះ។ ប្រសិនបើគ្មានការការពារនិងប្រឆាំងលើការធ្វើ នយោបាយបែបហិង្សានិយម ការបញ្ឆេះកំហឹងពលរដ្ឋតាមរយៈការញុះញង់ បោកប្រាស់ប្រជាពលរដ្ឋទេ នោះកម្ពុជាយើងអាចនឹងអាចប្រឈមមុខនឹងមហន្តរាយសាជាថ្មី ដែលមហាន្តរាយនេះបង្កឡើងដោយក្រុមប្រឆាំងជ្រុលនិយម ដែលពោរពេញដោយគំនុំសងសឹក និងដោយហិង្សាសម្តី។ អ្វីដែលពួកគេធ្លាប់បានធ្វើតាំងពីឆ្នាំ ២០១៣ មក គឺក្រុមហឹង្សានិយម និងអ្នកបោកប្រាស់និយមនេះព្យាយាមឡើងកាន់អំណាចតាមរយៈការប្រើប្រាស់បដិវត្តន៍ពណ៌ អំណាចប្រជាពលរដ្ឋ ហើយក្នុងរយៈពេល ៤ ឆ្នាំក្រោយការរំលាយអង្គការចាត់តាំងបដិវត្តន៍ពណ៌ មិនមែនមានន័យថាផែនការបដិវត្តន៍ពណ៌របស់ពួកគេបានរលំរលាយ ទៅតាមនោះទេ ប៉ុន្តែផែនការបដិវត្តន៍ពណ៌ពួកគេនៅតែ រស់ រវើកជានិច្ច ហើយពួកគេតែងព្យាយាមប្រើប្រាស់ឈ្នួននៃ បញ្ហាសព្វបែបយ៉ាងដើម្បីបំផ្ទុះបដិវត្តន៍ពណ៌នេះ។ជាពិសេស ពួកគេតែងតែប្រើប្រាស់ឱកាសនៃការបោះឆ្នោតម្តងៗដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋម្ចាស់ឆ្នោត បង្កើតជាឱកាសដល់ពួកគេដើម្បីបង្កើតបញ្ហាឡើង និងបង្កជាកម្លាំងប្រឆាំងមួយដ៏ខ្លាំងក្លាតាមរយៈសម្តីញុះញង់ ការបោកបញ្ឆោត និងការបញ្ឆេះកំហឹងពលរដ្ឋ ឈានទៅធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួលរំលំរបបដឹកនាំដូចដែក៊លពួកគេបានធ្វើនៅអំឡុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ស្រាប់។ 

ដើម្បីទប់ស្កាត់បដិវត្តន៍ និងកុំឱ្យចលនាបំផ្លិចបំផ្លាញជាតិវិលត្រឡប់មកវិញ និងដើម្បីធ្វើឱ្យកម្ពុជារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ សុខដុមរមណីយកម្មក្នុងសង្គមកម្ពុជា បងប្អូនប្រជាពលរដ្ឋខ្មែរពិតជាដើរតួនាទីសំខាន់តាមរយៈការប្រើប្រាស់សន្លឹកឆ្នោតជាអាវុធដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លុបបំបាត់ចោលកត្តាគំរាមកំហែងទាំងអស់។ ការសម្រេចចិត្ត របស់បងប្អូនប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ ហើយការសម្រេចចិត្តនោះគួរកុំឈរលើកត្តាអារម្មណ៍ជាធំ ប៉ុន្តែគួរឈរ លើសច្ចៈភាពនៃអំពើល្អ និងការបម្រើប្រជាពលរដ្ឋ ឈរលើគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស និងភាពជាអ្នកដឹកនាំរបស់ប្រធានគណបក្សថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយបញ្ហាទាំងតូចទាំងធំជូនជាតិនិងប្រជាជន រួមនឹងសមត្ថភាព ការទទួលខុសត្រូវហើយគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់បានដើរតួនាទីនេះអស់រយៈពេលជាង ៤០ ឆ្នាំមកហើយលើការងារគ្រប់គ្រង និងដឹកនាំប្រទេសជាតិចាកចេញពីភ្នក់ភ្លើងសង្គ្រាមមកជាប្រទេសដែលមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌ទុច្ចរិតដែលប៉ុនប៉ងបំផ្លាញសន្តិភាពនិងការអភិវឌ្ឍ និងចុងក្រោយនេះបានបង្កើតខឿនសុខភាពយ៉ាងរឹងមាំប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

អ្វីដែលគេមើលឃើញ គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ ហើយគណបក្សប្រជាជនឈ្នះឆ្នោតដឹកនាំប្រទេស គ្រប់គណបក្សនយោបាយ និងពលរដ្ឋគ្រប់និន្នាការនយោ បាយអាចរស់នៅក្រោមដំបូលសុខសន្តិភាពយ៉ាងសុខសាន្ត។ ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែលបានលះបង់សត្វបែបយ៉ាងដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ហើយបានប្តេជ្ញារួចហើយថា ទោះបីក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលរកបានមកដោយពិបាកនេះបានឡើយ។ សូមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាបន្តការពារនិងថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍនេះបន្តទៀតដោយអញ្ជើញទៅបោះ ឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារូបសញ្ញាទេវតាបាចផ្កាពរជ័យ ហើយចៅចាក់ស្មុកក៏នឹងប្រើប្រាស់សិទ្ធិជាពលរដ្ឋរបស់ខ្លួនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលជាទីទុកចិត្ត និងជឿជាក់ ទទួល បានការគាំទ្រពីពលរដ្ឋ ឈ្នះគ្រប់ការបោះឆ្នោត! 

ដោយ៖ចៅចាក់ស្មុក

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner