យុទ្ធនាការឃោសនា១១ថ្ងៃ៖ ប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២១-៣១ ខែឧសភា ឆ្នាំ២០២២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត។ នេះបើយោងតាមរបាយការណ៍បូកសរុបប្រចាំថ្ងៃរបស់ គ.ជ.ប ដែល AMS ទទួលបាននៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ដោយឡែកសម្រាប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃទីដប់មួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប បន្តថា ក្នុងថ្ងៃទីដប់មួយនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាជាអាទិ៍ ការហែក្បួន ការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ។ តាមការកត់សម្គាល់ នៅខេត្តព្រៃវែង គណបក្ស ភ្លើងទៀន បានធ្វើសកម្មភាពឃោសនាចំនួន ១១៦ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៣ឃុំ សង្កាត់ គណបក្សសញ្ជាតិកម្ពុជា ចំនួន១៤ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ១ឃុំ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៦ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៣ឃុំ សង្កាត់ គណបក្សយុវជនកម្ពុជា ចំនួន ៤ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ១ឃុំ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ២ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួន ចំនួន ១ឃុំ គណបក្សប្រជាជនកម្ពុជា ចំនួន ១១៦ឃុំ សង្កាត់ គណបក្សកម្ពុជានិយម ចំនួន ៨ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ចំនួន ៧ឃុំ សង្កាត់ គណបក្សខ្មែរស្រឡាញ់ជាតិ ចំនួន ៥ឃុំ សង្កាត់ គណបក្សឆន្ទៈខ្មែរ ចំនួន ៤ឃុំ សង្កាត់ និងគណបក្សខ្មែរតែមួយ ចំនួន ១ឃុំ។ ដោយឡែក នៅខេត្តឧត្ដរមានជ័យ គណបក្ស ភ្លើងទៀន បានហែក្បួនចំនួន ២ឃុំ ហើយគណបក្សប្រជាជនកម្ពុជា គណបក្ស ខ្មែររួបរួមជាតិ និងគណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងនៅតាមភូមិក្នុងឃុំ សង្កាត់មួយចំនួន។

ប្រភពដដែលបានបញ្ជាក់ថា ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់មួយនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែង៕
ដោយ៖ពលជ័យ

ads banner