ការបោះឆ្នោតជិតមកដល់៖ ប្រធាន គ.ជ.ប អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ អញ្ជើញទៅបោះឆ្នោត

ភ្នំពេញ៖ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ឱ្យបានគ្រប់ៗគ្នា។ ការអំពាវនាវរបស់ប្រធាន គ.ជ.ប បានធ្វើឡើងនៅព្រលប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសល់ត្រឹមតែ៥ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

តាមរយៈសារជាវិដេអូ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល។ ការបោះឆ្នោតនេះ កាន់តែខិតជិតមកដល់ហើយ ហេតុនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដូចតទៅ៖
-សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទាំងអស់ ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំ ឯ.អ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា
-ការចេញ ឯ.អ នឹងបញ្ឈប់ត្រឹមថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០នាទីល្ងាច។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើឱ្យបានគ្រប់ៗគ្នា។

ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែង៕
ដោយ៖ពលជ័យ

ads banner