ឯកឧត្តម ណុប ចាន់ណារិន្ទ៖ ហេតុអ្វីបានជាប្រជាជនកម្ពុជា លើកទូលសន្តិភាព?

ភ្នំពេញ៖ ក្នុងឱកាសចុះជួបសំណេះសំណាស សួរសុខទុក្ខប្រជាជន នៅតាមលំនៅឋានក្នុងភូមិទាំង១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌ ដូនពេញ ឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ បានលើកឡើង ហេតុអ្វីបានជាប្រជាជនកម្ពុជា ត្រូវលើកទូលសន្តិភាព ឲ្យខ្ពស់ជាងអ្វីៗទាំងអស់ ? ។

នៅក្នុងចម្លើយយ៉ាងខ្លី ឯកឧត្តម ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា: ព្រោះកម្ពុជាធ្លាប់រងគ្រោះ និរាស ព្រាត់ប្រាស់ ខ្ទេចខ្ទាំដោយសារ សង្គ្រាមអស់ជិត៣ទសវត្ស ដោយរាប់ទាំងវាលពិឃាតផងដែរ ។
ឯ.ឧ ណុប ចាន់ណារិន្ទ បន្តថា : ប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ អាយុជីវិតមនុស្សរាប់លាននាក់បានស្លាប់ដោយសារសង្គ្រាម និងរាប់លាននាក់ទៀតបានស្លាប់ ដោយសារការធ្វើទុក្ខទារុណកម្ម យ៉ាងព្រៃផ្សៃ យ៉ាងអយុត្តិធម៌ ក្នុងកណ្តាប់ដៃពួកកាន់អំណាច នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ឯកឧត្តមក៏បានរំលឹកជូនប្រជាជន ខណ:ដែលបានចុះ ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនីមួយៗ នៃសង្កាត់ផ្សារថ្មីទី១ ទៀតថា សោកនាដកម្មទាំងអស់ពិតជាកើតចេញដោយសារ អ្នកនយោបាយខ្មែរក្រៅប្រទេស និងក្រុមខ្មែរមួយ ចំនួននៅ ក្នុងប្រទេស បានយកឥទ្ធិពលនយោបាយប្រតិកិរិយាពីបរទេស មកសាបព្រួសបំពុលសតិអារម្មណ៍ដល់ប្រជាជនយើងឲ្យរងគ្រោះ និងធ្វើឲ្យប្រទេសជាតិក្រឡាប់ចាក់ ចាប់តាំងពីរដ្ឋប្រហារនាថ្ងៃ១៨ មីនា ១៩៧០ របស់ក្រុមលន់ណុល ក្នុងការទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ដែលទើបតែតស៊ូទាមទារ យកប្រទេសចេញផុតពីរបបអាណានិគមនិយមបាំរាំង បានត្រឹមតែបាន១៧ឆ្នាំតែប៉ុណ្ណោះ ( ១៩៥៣-១៩៧០ ) ។

ឯកឧត្តមបានបន្តទៀតថា នេះជាចរិតឈ្នានីសរបស់បុគ្គល អ្នក នយោបាយល្មោភអំណាច លន់ នល់ និងបក្ខពួក ដែលរៀបចំ អំពើក្បត់ជាតិ ហើយបានរត់ទៅពឹងពាក់បរទេស ឲ្យមកជួយខ្លួន ដើម្បីសម្រេចបំណងនៃការចង់ឡើងកាន់អំណាច ដោយមិនគិត ពីសេចក្តីសុខសាន្តរបស់ប្រជាជន និងផលប្រយោជន៍របស់ប្រទេស ជាតិឡើយ។ ដោយសារការដឹកនាំរបស់របបលន់ នល់ ទាំងងងើល មិនបានប៉ុន្មានឆ្នាំផង មានរបបថ្មីមួយទៀតដែលដឹកនាំដោយ ពួក ប៉ុលពត មកជំនួស ហើយត្រូវបានគេដឹងថា ជាក្រុមបញ្ញវ័ន្តមកពី ប្រទេសបារាំង និងក្រុមនៅក្នុងប្រទេសមួយចំនួនបានយកលទ្ធិនយោបាយបរទេសមករៀបចំជាប្រព័ន្ធ បំពុលសតិអារម្មណ៍ប្រជាជនខ្មែរជាថ្មីម្តងទៀត ឲ្យជឿលើមនោគមនយោបាយរបស់ពួកគេ ចូលរួមវាយប្រហារផ្តួល រំលំ ពួកលន់ណុលនាថ្ងៃ១៧ មេសា ១៩៧៥ ក្រោមលេសថា កម្ទេច ពួកមូលធននិយម និងចក្រពត្តិនិយម ។ ពេលនោះប្រជាជនខ្មែរ បាន ចេញមកអបអរសាទរ ដោយឈរលើស្មារតីសង្ឃឹមថា ពួក ប៉ុលពត នឹងដឹកនាំប្រទេសមានសេចក្តីសុខសាន្ត ។ ប៉ុន្តែមិនបាន ប៉ុន្មាននាទីផង ស្រាប់តែពួកវាបានបង្ខំឲ្យប្រជាជននៅ ទូទាំង ប្រទេស ដែលរស់នៅទីក្រុងភ្នំពេញ និងទីប្រជុំជន ឲ្យចេញពីលំនៅ ឋាន ទាំងដៃទទេ ក្រោមលេសប្រឌិតព័ត៌មានក្លែងក្លាយថា ចេញតែ បីថ្ងៃប៉ុណ្ណោះ ដើម្បីបោសសំអាតក្រុមលន់ នល់ និងពួកចក្រពត្តិ អាមេរិក ព្រោះអាមេរិកនឹងមកទម្លាក់គ្រាប់បែក ។ ចុងបញ្ចប់ ប្រជាជន កម្ពុជាបានខកចិត្តមិនអាចយកអ្វីដែលជាសិទ្ធិសេរីភាព របស់ខ្លួនមកវិញបានឡើយ ។ ព្រោះពាក្យថា ចេញតែបីថ្ងៃ បែរជា បីឆ្នាំ ៨ខែ និង២០ថ្ងៃ ។ ក្នុងរយ:ពេលនេះប្រជាជនកម្ពុជា ស្លូតត្រង់ ត្រូវបានពួកវាសម្លាប់ តាមរយ:ធ្វើទារុណកម្មបង្អត់អាហារ ការធ្វើ ពលកម្មលើសពីទាសករដាច់ថ្លៃ និងកាប់សម្លាប់ ក្រោមលេស ចោទពីអំពើក្បត់អង្គការយ៉ាងព្រៃផ្សៃអស់ជាងបីលាននាក់ ដោយពួកខោអាវខ្មៅនេះប្រើពាក្យមួយម៉ាត់ថាបោសសម្អាត ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បន្តទៀតថា ឥឡូវនេះគ្រាដែល ប្រជាជនកម្ពុជា កំពុងរស់នៅក្រោមដំបូលសន្តិភាព កើតចេញពី គោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្រាប់តែមានពូជអ្នកក្បត់ជាតិ បានយកស្រមោលអន្ធកាលនេះមកបន្តយារយីសេចក្តីសុខសាន្តរបស់ប្រជាជនយើង ក្រោមលេសថា ប្រជាធិយតេយ្យ និងសិទ្ធិមនុស្ស និងបានអំពាវនាវឲ្យបរទេសដែលជាអាណាព្យាបាលឲ្យផ្តាច់ជំនួយ ឬការដកហូតភាពអនុគ្រោះពន្ធផ្សេងៗ ក្នុងគោលបំណងដាក់ ទណ្ឌកម្មកម្ពុជា ក្រោមលក្ខខណ្ឌឲ្យដើរតាមគេ ។

ឯកឧត្តមបានបញ្ជាក់បន្តថា បច្ចុប្បន្ន ប្រវត្តិសាស្ត្រច្រំដែល បាន នឹងកំពុងចង់មកលងប្រជាជនកម្ពុជា តាមរយ:ពូជសាវ័កក្បត់ជាតិ ក្នុងជំនាន់រាជានិយម កំពុងព្យាយាមមកបន្តនៅក្នុងទសវត្សថ្មីនេះ ដែលអាចនិយាយបានថា កំពុងមកព្យាយាមបន្តវេនអំពើក្បត់ជាតិ នឹងកំពុងឆ្លេឆ្លាទៅពឹងពាក់បរទេសដើម្បីជួយឲ្យខ្លួនបានកាន់អំណាចក្នុងរូបភាពប្រើប្រាស់មនោគមនយោបាយប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ។
ឯកឧត្តម ណុប ចាន់ណារិន្ទ បន្តថា សន្តិភាពដែលយើង ទទួល បានតាំងពីចុងឆ្នាំ១៩៩៨មកនេះ ពិតជាបានកើតចេញពី បេះដូង អ្នកស្នេហាជាតិ នៃកូនខ្មែរពិតៗ ក្រោមនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលគ្មានប្រាថ្នាអ្វីក្រៅពីឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍ និងឈរស្មើ មុខស្មើមាត់ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងនៅលើឆាក អន្តរជាតិ ។

ចុងបញ្ចប់ ឯកឧត្តម ណុប ចាន់ណារិន្ទ បានសុំឲ្យបងប្អូនដែល បានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅបោះឆ្នោតជ្រើស ក្រុមប្រឹក្សាឃុំ-សង្កាត់ឲ្យបានគ្រប់ៗគ្នា នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ កុំបីខាន ៕ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner