ស្លឹកឃុនមារជួយរកប្រាក់ចំណូល និងជួយបង្កើតការងារជូន ពលរដ្ឋលើខ្នងភ្នំគូលែន
ភ្នំពេញ៖ ប្រជាសហគមន៍នៅលើខ្នងភ្នំគូលែននៃ ខេត្តសៀមរាប (ឧទ្យានជាតិ ព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន) បានប្រើប្រាស់ និង អាស្រ័យផលស្លឹករុក្ខជាតិម្យ៉ាងឈ្មោះឃុនមារស្ទើរក្លាយជាប្រពៃណី និងបានប្រើប្រាស់សម្រាប់រកប្រាក់ចំណូលសំខាន់មួយនាពេលបច្ចុប្បន្ន។
ប្រជាសហគមន៍នៅលើខ្នងភ្នំ មួយកន្លែងនេះបានប្រើប្រាស់នូវការ ប្រកបមុខរបរដេរស្លឹកឃុនមារលក់អាចជួយលើកស្ទួយជីវភាពប្រចាំថ្ងៃ និងពិសេសបានជួយបង្កើតការងារឱ្យពួកគាត់ក្រៅពីរបរកសិកម្ម ផងដែរ។
លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ឃុំខ្នងភ្នំ ស្រុក ស្វាយលើ ខេត្តសៀមរាបបានឱ្យដឹងថាប្រជាពលរដ្ឋនៅសហគមន៍ របស់លោកតែងអាស្រ័យផលលើការប្រកបរបរបេះស្លឹកឃុនមារមកដេរសម្រាប់លក់នេះជាយូរយារមកហើយបច្ចុប្បន្នវាបានក្លាយជារបស់មួយសម្រាប់ជួយបង្កើតការងារដល់ប្រជាសហគមន៍។
លោកប្រធានសហគមន៍រូបនេះបានបញ្ជាក់បន្ថែមថា ក្រៅពីរបរ កសិកម្ម ដូចជាចិញ្ចឹមមាន់ ចិញ្ចឹមជ្រូកកណ្តុរ ដាំដើមស្វាយចន្ទី ពលរដ្ឋនៅសហគមន៍របស់លោកក៏មានមុខរបរមួយទៀតគឺដេរស្លឹកឃុនមារនេះលក់។
សម្រាប់ពលរដ្ឋដែលដេរស្លឹកនេះលក់ច្រើនបំផុតគឺភូមិថ្មីនិងភូមិកែឡាក់លើខ្នងភ្នំគូលែន។
លោកឱ្យដឹងដែរថាអ្នកភូមិតែងដេរស្លឹកនេះទាំងខែប្រាំង និង រដូវវស្សា សម្រាប់ លក់ក្នុងខេត្តសៀមរាប។
ពួកគាត់តែងចេញបេះស្លឹកឃុនមារហាលឱ្យស្ងួត ហើយដេរភ្ជាប់ គ្នាដោយមានទទឹងប្រមាណ២ម៉ែត្រនិងបណ្តោយប្រមាណ៣-៤ដោយលក់វាស់ប្រវែងក្នុងមួយម៉ែត្រតម្លៃចាប់ពី១៥០០០-២០០០០រៀល។
លោកប្រធានសហគមន៍បានឱ្យដឹងផងថា ស្លឹកឃុនមារនេះពលរដ្ឋ បានចេះប្រើប្រាស់និងអាស្រ័យផលតៗគ្នាតាំងតែពីបុរាណកាលមក។ស្លឹកនេះគេអាចប្រើប្រក់ជាដំបូល និងធ្វើជាជញ្ជាំងផ្ទះ ជំនួសការ ប្រើ ប្រាស់សង្ក័សី។ ដំបូល និងជញ្ជាំងផ្ទះស្លឹកឃុនមារ អាចជា ជម្រក ដ៏ត្រជាក់របស់ប្រជាសហគមន៍បានប្រមាណ ៦ -ឆ្នាំ៨ ទើបវា ពុកផុយ។
ក្រៅពីប្រក់ផ្ទះ ស្លឹកឃុនមារក៏គេប្រើសម្រាប់ធ្វើជាកញ្ចុះសម្រាប់ ទីកម្សាន្តច្រើនកន្លែងនៅខេត្តសៀមរាប ។ស្លឹករុក្ខជាតិប្រភេទ នេះ គេចូលចិត្តប្រើដោយសារតែវាធន់នឹងទឹកភ្លៀង ពន្លឺថ្ងៃ ហើយប្រើ ប្រក់ ដំបូលមានសភាពត្រជាក់ផង។
លោក យុតធូ ប្រជាពលរដ្ឋរស់នៅភូមិថ្មីបានបញ្ជាក់ឱ្យដឹងថា ស្លឹកឃុនមារនេះមិនងាយឆាបឆេះដូចស្លឹកត្នោត ឬស្បូវទេ ហើយ ពិសេសជាស្លឹក ប្រើប្រក់ដំបូលផ្ទះហើយមានភាពត្រជាក់និងជាប់ បានយូរឆ្នាំថែមទៀត។
យ៉ាងណាក្តីបុរសប្រជាសហគមន៍ប្រកប មុខរបរដេរស្លឹកឃុនមារ លក់រូប នេះបានឱ្យដឹងដែរថាមុខរបរនេះបានគ្រាន់ដោះស្រាយ ជីវភាពមួយផ្នែកប៉ុណ្ណោះដោយសារថាបច្ចុប្បន្នពលរដ្ឋមួយភាគធំបានងាកមកប្រើប្រាស់លំនៅដ្ឋានទំនើបៗដែលគេលែងសូវប្រើស្លឹកឃុនមារសម្រាប់ប្រើប្រក់ផ្ទះដូចកាលពីមុនទៀតឡើយ៕ ដោយ៖ ម៉ាដេប៉ូ








