ភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ និងរន្ទះ បន្តកើតមានក្នុងសប្តាហ៍កំពុងមកដល់ (Video Inside)
ភ្លៀង, ផ្គរ, ខ្យល់កន្ត្រាក់និងរន្ទះ នឹងបន្តមានក្នុងសប្តាហ៍កំពុងមកដល់នេះថែមទៀត ខណៈ កម្ពុជា រងឥទ្ធិពលពីជ្រលងនៃសម្ពាធទាប ដែលស្ថិតនៅភាគខាងលើ ប្រទេសឡាវ និងប្រ ទេសវៀតណាម ជាមួយនិងខ្យល់មូសុងនិរតី កម្រិតពីខ្សោយទៅមធ្យម។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១ រហូតដល់ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ទំនាបកណ្តាល បណ្តារាជធានីខេត្តនានា នឹងអាចមាន ភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកតំបន់ខ្ពង់រាប នឹងអាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។
ចំណែក តំបន់មាត់សមុទ្រ នោះវិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ តាមការព្យាករណ៍នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសំមុទ្រក្នុង កម្រិតពីមធ្យមទៅបង្គួរផងដែរ។
ពាក់ព័ន្ធនឹងកត្តាអាកាសធាតុនិងគ្រោះធម្មជាតិនេះផងដែរ សេចក្តីរាយការណ៍ពីខេត្ត កំពង់ស្ពឺ បានឱ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២៩ខ្នងនៅក្នុងខេត្តកំពង់ស្ពឺ ត្រួវបានភ្លៀង និងខ្យល់ កន្រ្តាក់បាន បង្កការខូចខាត។ មនុស្ស២នាក់បានរងរបួសថែមទៀតក្នុងហេតុការណ៍ គ្រោះ ធម្មជាតិល្ងាច ថ្ងៃទី៣០ឧសភាស្ថិតក្នុងឃុំស្នំក្រពើ, ឃុំមហាឫស្សី, ឃុំស្តុក, និងឃុំអង្គពពេល នៃស្រុកគង ពិសី។
នៅក្នុងខេត្តសៀមរាបនោះវិញ៖ បណ្តាញសារព័ត៌មានក្នុងស្រុកបានរាយការណ៍ជុំវិញគ្រោះ រន្ទះបាញ់កើតឡើងនៅភូមិគោកស្រម៉, ឃុំល្វានៃស្រុកពួក។ មនុស្សម្នាក់បានស្លាប់និងម្នាក់ បានរងរបួសក្នុងហេតុការណ៍រន្ទះបាញ់ថ្ងៃទី៣០ឧសភានាកណ្តាលស្រែវេលាម៉ោង៥ល្ងាច។ មនុស្សបាត់បង់ជីវិតគឺជាជាបុរស អាយុ៣៤ឆ្នាំ, ចំណែកស្ត្រីចាស់ជរាអាយុ៧៣ឆ្នាំ បាន រងរបួសធ្ងន់។