សម្ដេចតេជោ ហ៊ុន សែន៖ កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថតមួយសន្លឹក ដោយបានលើកឡើងថា កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរលើកបណ្ដាញសង្គមហ្វេសប៊ុកថា រូបថតមួយសន្លឹកនេះ ខ្លួនខ្ញុំក៏មិនដែលបានឃើញដែរទើបតែថ្ងៃនេះ ប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម ។
តាមពិនិត្យវ៉ែនតានេះ ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ១៩៩៩ ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះឈ្នះ។ ពេលនោះ ដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស ។
សម្ដេចបន្តថា ទឹកមុខខ្ញុំនោះ កំពុងគិតទៅឆ្ងាយ ដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ ពេលនេះ សន្តិភាពមានហើយ ត្រូវរួមគ្នាការពារកុំឱ្យបាត់បង់ទៅវិញ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សូមកុំឱ្យក្មេងជំនាន់ក្រោយ មានរឿងអកុសលដូចខ្លួនខ្ញុំ និងអ្នកជំនាន់មុន ដែលប្រទេសមានសង្គ្រាម ទើបខិតខំរកសន្តិភាព ។ កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង ៕ ដោយ វណ្ណលុក