គ.ជ.ប នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដល់ម៉ោង១២យប់ 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិថា គ.ជ.ប នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង១២:០០នាទីយប់ និងបន្តផ្សាយចាប់ពីម៉ោង៨:០០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

–  ទូរទស្សន៍ជាតិកម្ពុជា (ទទក)

–  វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)

–  គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh

–  កម្មវិធីទូរស័ព្ទដៃ៖ NEC KH និង CamNEC News

–  Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

–  YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី០៥ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទីរសៀល ដោយមានគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្ស ភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

បើយោងតាមរបាយការណ៍របស់ គ.ជ.ប បានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ មានអ្នកបោះឆ្នោត ៩.២០៥.៦៨១នាក់ និងមានការិយាល័យបោះឆ្នោតសរុប ២៣.៦០២ការិយាល័យ។ សន្លឹកឆ្នោតដែលត្រូវប្រើប្រាស់មានចំនួន ១១.៦១១.៤០០សន្លឹក និងសន្លឹកឆ្នោតបម្រុងជាង  ១លាន២សែនសន្លឹក (១.២៣៩.០០០សន្លឹក)។ ទិញទឹកខ្មៅលុបលាងមិនជ្រះនេះ គឺគ.ជ.ប បញ្ជាទិញពីក្រុមហ៊ុនរបស់ឥណ្ឌាឈ្មោះ MYSORE PAINT & VARNISH LTD គឺមានចំនួន៥២០០០ដប៕ 

ដោយ៖ពលជ័យ

ads banner