អ្នកបោះឆ្នោតនៅកម្ពុជាប្រាប់សារព័ត៌មានស៊ីនហួររបស់ចិនថា ខ្លួនមានសេរីភាពក្នុងការបោះឆ្នោតឱ្យគណបក្សដែលខ្លួនស្រឡាញ់ ហើយគ្មានការបំភិតបំភ័យអ្វីទាំងអស់

ភ្នំពេញ៖ ប្រជាជនកម្ពុជារាប់លាននាក់បាននាំគ្នាទៅបោះឆ្នោតនៅទូទាំងប្រទេស នៅថ្ងៃអាទិត្យ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានសម្រាប់ឃុំ/សង្កាត់ចំនួន ១,៦៥២នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

អ្នកបោះឆ្នោតសង្ឃឹមថា សំឡេងឆ្នោតរបស់ពួកគេនឹងនាំមកនូវថ្នាក់ដឹកនាំមូលដ្ឋានល្អដល់សហគមន៍របស់ពួកគេ។

កញ្ញា សាំង សុម៉ាវត្តី អាយុ ១៩ឆ្នាំជាអាជីវករលក់អាហារ បាននិយាយថា នេះជាលើកទីមួយហើយ ដែលកញ្ញាបានបោះឆ្នោត ហើយកញ្ញាមានអារម្មណ៍រំភើបណាស់។ កញ្ញាបានប្រាប់សារព័ត៌មានស៊ីនហួរថា ខ្ញុំមានអារម្មណ៍ថា មានសេរីភាពក្នុងការបោះឆ្នោតឱ្យគណបក្សដែលខ្ញុំស្រឡាញ់ ដោយគ្មានការបំភិតបំភ័យអ្វីទាំងអស់។ ខ្ញុំគិតថា វាជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ កញ្ញាសង្ឃឹមថា លទ្ធផលនឹងអាចទទួលយកបានសម្រាប់គ្រប់គណបក្សប្រកួតប្រជែងទាំងអស់។ កញ្ញាបន្ថែមថា កញ្ញាបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយនិយាយថា នេះជាគណបក្សតែមួយគត់ដែលអាចនាំមកនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ប្រទេសជាតិ។ កញ្ញាបានបញ្ជាក់ដូច្នេះទៀតថា ខ្ញុំមានទំនុកចិត្តថា គណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះការបោះឆ្នោត ដូច្នេះអាចបន្តអភិវឌ្ឍផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគ្គិសនី ទឹកស្អាត និងប្រព័ន្ធលូនៅតាមភូមិឃុំ។ កញ្ញាបន្ថែមថា ខ្ញុំក៏សង្ឃឹមដែរថា មេឃុំ និងសមាជិកក្រុមប្រឹក្សាក្នុងអាណត្តិថ្មីនេះ នឹងផ្តោតលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការកែលម្អសេវាសាធារណៈសម្រាប់ប្រជាពលរដ្ឋ។

ដោយឡែក លោកស្រី សាយ ណៃស៊ាន អាយុ ៤៣ឆ្នាំ ជាមន្ត្រីរាជការនៅរាជធានីភ្នំពេញមានប្រសាសន៍ថា ការបោះឆ្នោតមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ដែលយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងមានឆន្ទៈលះបង់ខ្លួនឯងក្នុងការអភិវឌ្ឍន៍សហគមន៍។ លោកស្រីបានប្រាប់អ្នកសារព័ត៌មានចិនស៊ីនហួរ បន្ទាប់ពីបានបោះឆ្នោតយ៉ាងដូច្នេះថា ខ្ញុំសង្ឃឹមថា មេឃុំ និងសមាជិកក្រុមប្រឹក្សាក្នុងអាណត្តិថ្មី នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីនាំមកនូវការអភិវឌ្ឍន៍បន្ថែមទៀត និងជីវភាពកាន់តែល្អប្រសើរឡើង សម្រាប់ប្រជាជនក្នុងសហគមន៍របស់ពួកគេ ក្នុងយុគសម័យនៃការរាតត្បាតនៃជំងឺកូវីដ១៩។ លោក សាន សុវណ្ណឌឿន អាយុ ៤២ឆ្នាំជាតារាចម្រៀងប្រពៃណីបាននិយាយថា លោកចង់ឃើញការអភិវឌ្ឍន៍បន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អគ្គិសនី ទឹកស្អាត ប្រព័ន្ធលូ ការអប់រំ សុខភាព និងការការពារបរិស្ថាន។ លោកបានប្រាប់សារព័ត៌មានស៊ីនហួថា និយាយដោយត្រង់ទៅ ខ្ញុំបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ព្រោះវាបាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាពដល់ប្រទេស។ លោកថា ខ្ញុំគិតថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសកម្ពុជា និងរក្សាបាននូវសុខសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍របស់ប្រទេសដែលពិបាករកបាន។

សូមបញ្ជាក់ថា តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ អ្នកដែលមានសិទ្ធិបោះឆ្នោតបានតម្រង់ជួរនៅការិយាល័យបោះឆ្នោត ហើយរង់ចាំវេនរបស់ពួកគេដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា អ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតប្រមាណ ៩,២លាននាក់ ឬប្រមាណ ៨៧,៩ភាគរយនៃប្រជាជនសរុបដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ត្រូវបានគេរំពឹងថា នឹងទៅបោះឆ្នោតរបស់ពួកគេ។ គណបក្សនយោបាយចំនួន ១៧ ដែលបានប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយមានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណបក្សភ្លើងទៀន ដែលជាបេក្ខជនប្រកួតប្រជែងដ៏សំខាន់៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner