លោក សួន សេរីរដ្ឋា៖ ប្រជាពលរដ្ឋជាង៨០% ចេញទៅបោះឆ្នោតបង្ហាញពីជំនឿជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្នុងប្ររទេសកម្ពុជា

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៦ ខែមិថុនានេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋជាង៨០ភាគរយ បានចេញទៅបោះឆ្នោត ដែលនេះបង្ហាញថា ប្រជាពលរដ្ឋមានជំនឿជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្នុងប្ររទេសកម្ពុជា ដែលប្រជាពលរដ្ឋសម្រេចចិត្តចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងនៅថ្នាក់ឃុំ សង្កាត់ ជាពិសេស ដើម្បីជ្រើសរើសមេឃុំ ចៅសង្កាត់ ក្នុងអាណត្តិទី៥ សម្រាប់បម្រើសេវារដ្ឋបាលមូលដ្ឋានដល់ពួកគាត់រស់នៅក្នុងឃុំសង្កាត់នីមួយៗទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់ថា “ការចេញទៅបោះឆ្នោតដ៏ច្រើនលើសលប់នៃចំនួនប្រជាពលរដ្ឋសរុបជាង៨០%នេះ គឺបង្ហាញឲ្យឃើញថា ប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺមានភាពចាស់ទុំ មានភាពរឹងមាំ ហើយប្រជាពលរដ្ឋជឿជាក់លើប្រព័ន្ធបោះឆ្នោត មានសេរី យុត្តិធម៌ ត្រឹមត្រូវ ដែលប្រជាពលរដ្ឋដឹងច្បាស់អំពីយន្តការនៃលទ្ធិប្រជាធិបតេយ្យ និងស្គាល់ច្បាស់អំពីអំណាចរបស់ខ្លួន គឺជាម្ចាស់នៃសន្លឹកឆ្នោតដែលជាអ្នកសម្រេចជោគវាសនារបស់អ្នកនយោបាយ អ្នកតំណាងគណបក្សនយោបាយនៅថ្នាក់មូលដ្ឋាន។ ដូច្នេះប្រព័ន្ធប្រជាធិបតេយ្យបែបនេះ គឺមានទំនុកចិត្តខ្លាំងដល់ប្រជាពលរដ្ឋខ្មែរយើង អីចឹងហើយបានជាប្រជាពលរដ្ឋខ្មែរជាង៨០% បានចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងគណបក្សដែលបានចូលរួមប្រកួតប្រជែងរហូតទៅដល់១៧គណបក្ស នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២”។

បើតាមឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គជប បានបញ្ជាក់ប្រាប់ AMS ថា ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតមានចំនួន៧,៣៨២,៤៤៩នាក់ ស្មើនឹង ៨០.១៩% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៩.២០៥.៦៨១នាក់។ ចំណែកឯសន្លឹកឆ្នោតបានការ គឺមានចំនួន ៧,២៣៦,២៤៤សន្លឹក ហើយសន្លឹកឆ្នោតមិនបានការ គឺមានចំនួន ១៤៦,២០៥សន្លឹក ស្មើនឹង ១.៩ភាគរយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ចូលរួមប្រកូតប្រជែង៕
ដោយ៖ពលជ័យ

ads banner