គណបក្សភ្លេីងទៀនប្រកាសទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៥​  

ភ្នំពេញ៖ គណបក្សភ្លេីងទៀន បានប្រកាសទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៥​ ឆ្នាំ២០២២​ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០២២​ និងបានប្រកាសថា​ មិនមានផែនការប្រឆាំងនឹងលទ្ធផលបោះឆ្នោតនោះទេ​។

លោក សុន​ ​ឆ័យ​ មន្ត្រីជាន់ខ្ពស់គណបក្សភ្លេីងទៀន បានប្រកាសថា​ គណបក្សខ្លួនទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៥​ ឆ្នាំ២០២២។ ការប្រកាសទទួលយកនេះ​ បានធ្វេីឡេីងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី០៦​ ខែមិថុនា​ ឆ្នាំ២០២២​។ 

ដោយឡែក អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត  ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី០៦ ខែមិថុនានេះថា គណបក្សនយោបាយចំនួន៤ ដែលនាំមុខគេក្នុងការទទួលការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់  អាណត្តិទី៥ ឆ្នាំ២០២២ គឺ១. គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេង ៥,៣៣៧,៧៥៤ សំឡេងគិតជាភាគរយស្មើ ៧៤.៣២%។ ២. គណបក្សភ្លើងទៀន ទទួលបានសម្លេង ១,៦១០,៤៣៤សំឡេង ស្មើ ២២.២៦% ។ ៣. គណបក្សហ៊្វុនស៊ិនប៉ិច  ទទួលបានសំឡេង ៩១,៧៩៣សំឡេង ស្មើ ១.២៧% និងគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង៦៣,៩៤៧សំឡេង ស្មើ ០.៨៨%។ គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេង ៣៣,៣០៥សំឡេង ស្មើ ០.៥២%។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតមានចំនួន ៧,៣៨២,៤៤៩នាក់ ស្មើនឹង៨០.១៩% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៩.២០៥.៦៨១នាក់។ ចំណែកឯសន្លឹកឆ្នោតបានការ គឺមានចំនួន៧,២៣៦,២៤៤សន្លឹក ហើយសន្លឹកឆ្នោតមិនបានការ គឺមានចំនួន ១៤៦,២០៥សន្លឹក ស្មើនឹង ១.៩ភាគរយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់  អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួមប្រកូតប្រជែង៕ 

ដោយ៖ពលជ័យ

រូបភាព៖ពលជ័យ

ads banner